ព័ត៌មានអន្តរជាតិ

លោក Blinken ៖ សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែរារាំងស៊ីរី មិនឱ្យក្លាយជាក្រុមភេរវករ

AFP

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមសមាជិកសភាមួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីចៀសវាងសេណារីយ៉ូ ដែលស៊ីរីក្លាយជា “ក្រុមភេរវករ” ។ អ្នកការទូតកំពូលរបស់ប្រទេសនេះ បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃសភា ស្តីពីការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយភាពវឹកវរក្នុងឆ្នាំ២០២១។

ត្រូវបានសួរដោយសមាជិកសភាលោក Keith Self មកពីរដ្ឋតិចសាស់ ថាតើលោករំពឹងថាប្រទេសស៊ីរីនឹង “ធ្លាក់ចូលទៅក្នុងក្រុមភេរវករទេ” លោក Blinken បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជៀសវាងពីរឿងនេះ។

សហរដ្ឋអាមេរិក កំពុងពឹងផ្អែកលើភាពជាដៃគូយូរអង្វែងរបស់ខ្លួនជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាក្រុមប្រដាប់អាវុធដឹកនាំដោយជនជាតិឃឺដ ក្នុងចំណោមក្រុមឧទ្ទាមជាច្រើននៅក្នុងប្រទេសស៊ីរី ដើម្បីការពារការកើតឡើងវិញនៃរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទោះជាយ៉ាងណាក៏ដោយកងកម្លាំង SDF ត្រូវបានចាត់ទុកដោយរដ្ឋាភិបាលតួកគី ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ថាជាអ្នកបន្តភេរវករនៃការបះបោររបស់ក្រុមឃឺដនៅក្នុងប្រទេសតួកគី។

ថាមវន្តត្រីភាគីក្នុងចំណោមទីក្រុងវ៉ាស៊ីនតោន ទីក្រុងអង់ការ៉ា និងកងកម្លាំង SDF គឺជាការបន្ថែមភាពច្របូកច្របល់មួយទៀតនៅក្នុងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី ដែលមានភាពស្រពិចស្រពិលជាមួយនឹងភាពមិនច្បាស់លាស់បន្ទាប់ពីការបណ្តេញអតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad ចេញពីតំណែង ។

មេបញ្ជាការ SDF លោក Mazloum Abdi បានឲ្យដឹងថា យុទ្ធជន SDF នឹងដកថយពីបន្ទាយដ៏រឹងមាំរបស់ពួកគេនៃទីក្រុង Manbij ដែលជាទីក្រុងនៅភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកជាមួយកងទ័ពជាតិស៊ីរី ដែលគាំទ្រដោយតួកគី៕

To Top