បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា បានឈានដល់ការឯកភាពទូទៅមួយ អំពីរបៀបធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសស៊ីរីមានលក្ខណៈធម្មតាឡើងវិញ។
ប្រភពដដែលបានសរសេរទៀតថាអ្នកការទូតអាមេរិកដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ាបានបន្ថែមថារដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ចង់ឱ្យមហាអំណាចក្នុងតំបន់បង្កើតវិធីសាស្រ្តបង្រួបបង្រួមលើបញ្ហានេះឡើងវិញ។
ក្រុមប្រឆាំងប្រដាប់អាវុធដែលដឹកនាំដោយក្រុម Hayat Tahrir-al-Sham (HTS) បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសស៊ីរីកាលពីចុងខែវិច្ឆិកា ដោយដណ្តើមបានទីក្រុងធំៗជាច្រើន និងដណ្តើមយករដ្ឋធានី Damascus កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អតីតប្រធានាធិបតី Bashar Assad និងក្រុមគ្រួសាររបស់គាត់បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែលពួកគេត្រូវបានផ្តល់សិទ្ធិជ្រកកោន។
ខណៈពេលដែលប្រទេសតួគីបានគាំទ្រក្រុមប្រឆាំងស៊ីរីមួយចំនួនដែលបានបណ្តេញលោក Assad នោះ វាបានចាត់ទុកក្រុមជីវពលដែលគ្រប់គ្រងដោយជនជាតិ Kurish ជាភេរវករ បើទោះបីជាពួកគេមានការគាំទ្រជាយូរមកហើយពីសហរដ្ឋអាមេរិកក៏ដោយ។
គួរឲ្យដឹងដែរថាបន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសតួគី Hakan Fidan កាលពីថ្ងៃសុក្រ លោក Blinken បាននិយាយថានឹងមាន កិច្ចព្រមព្រៀងទូលំទូលាយ អ្វីដែលយើងម្នាក់ៗចង់ឃើញឆ្ពោះទៅមុខ ដោយចាប់ផ្តើមពីរដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសស៊ីរី៕
ប្រែសម្រួល៖ ស៊ុន លី