HELSINKI៖កាលពីថ្ងៃអង្គារ សភារបស់ប្រទេសស៊ុយអែត បានអនុម័តផែនការកញ្ចប់ថវិកាថ្មី សម្រាប់វិស័យការពារជាតិ ដោយបានបង្កើនថវិកាយោធាពី១២៥ ន់លាន SEK ស្មើនឹង (១១,៤២ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៤នេះ និងកើនដល់១៨៦ពាន់លាន SEK នៅឆ្នាំ២០៣០ ។
ទូរទស្សន៍ស៊ុយអែត SVTបានរាយការណ៍ឲ្យដឹងថា លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ប្រទេសស៊ុយអែត ស្ថិតក្នុងចំណោមប្រទេស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ដែលកំពុងបង្កើនការចំណាយលើ វិស័យការពារជាតិច្រើនជាងគេ ។
សម្រាប់ផែនការនេះដែរគឺបានផ្តល់អាទិភាព ដល់ការពង្រីកការផ្គត់ផ្គង់គ្រាប់រំសេវ មីស៊ីល និងគ្រឿងបន្លាស់ផ្សេងៗ ។ ផែនការនេះក៏រក្សានូវរចនាសម្ព័ន្ធនៃ កងកម្លាំងប្រដាប់អាវុធនាពេលបច្ចុប្បន្នផងដែរ ក្នុងរួមមាន កងពលតូចចំនួន៤សម្រាប់កងទ័ព កងពលតូចចំនួន៧ និងនាវាមុជទឹកចំនួន៥គ្រឿង សម្រាប់កងទ័ពជើងទឹក និងផ្នែកប្រយុទ្ធចំនួន៦ សម្រាប់កងទ័ពអាកាស ។
កម្លាំងការពាររបស់ប្រទេសស៊ុយអែត ត្រូវបានកំណត់ថា នឹងកើនឡើងពី៨៨.០០០ដល់១៣០.០០០នាក់នៅឆ្នាំ២០៣៥។ ការចុះឈ្មោះចូលបម្រើការងារ ប្រចាំឆ្នាំនឹងកើនឡើងពី៥.០០០ដល់១២.០០០ នាក់ បូករួមជាមួយនឹងការវិនិយោគសំខាន់ៗ លើយន្តហោះគ្មានមនុស្សបើក មីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាទំនើបៗផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា