ម៉ូស្គូ៖ កាលពីថ្ងៃអាទិត្យ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាថា នឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញជាច្រើនដងបន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុង Kazan របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍នោះ ។
លោក ពូទីន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RIA Novosti ដែលបានលើកឡើងដូច្នេះថា “អ្នកណាក៏ដោយ មិនថាគេព្យាយាមបំផ្លាញអ្វីមួយនៅក្នុងប្រទេសរបស់យើងនោះទេ គេនឹងប្រឈមមុខនឹងការបំផ្លិចបំផ្លាញធំជាងនេះ ជាច្រើនដងនៅក្នុងប្រទេសរបស់គេ” ។
លោកបានថ្លែងទៀតថា ប្រទេសនេះនឹងមិនត្រឹមតែស្ដារឡើងវិញ នូវការខូចខាតដែលបណ្តាលមកពី ការវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែនឹង “ឆ្ពោះទៅមុខក្នុងល្បឿនកាន់តែលឿន” ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកចំនួន៨ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Kazan ដែលចំនួន៦គ្រឿង សំដៅទៅលើអគារលំនៅដ្ឋាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
