ព័ត៌មានអន្តរជាតិ

អាជ្ញាធរតួកគី ឃាត់ខ្លួនមនុស្សចំនួន ១០នាក់ពាក់ព័ន្ធនឹងការផ្ទុះ នៅឯរោងចក្រផលិតគ្រាប់បែក នៅភាគពាយព្យប្រទេស

Xinhua

អ៊ីស្តង់ប៊ុល៖ លោក Yilmaz Tunc រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសកាលពីថ្ងៃពុធថា អាជ្ញាធរតួកគី បានឃុំខ្លួនមនុស្សចំនួន១០នាក់ ពាក់ព័ន្ធនឹងការផ្ទុះនៅឯរោងចក្រផលិតគ្រាប់បែក នៅខេត្ត Balikesir ភាគពាយ័ព្យនៃប្រទេសតួកគី ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Balikesir លោក Tunc បានលើកឡើងថា ការរកឃើញបឋមបង្ហាញឲ្យដឹងថា ពួកគេត្រូវបានគេរកឃើញថា ជាអ្នកទទួលខុសត្រូវ ឬមានធ្វេសប្រហែស ។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរថា ការស៊ើបអង្កេតដ៏ទ្រង់ទ្រាយធំមួយកំពុងដំណើរការ ហើយទិន្នន័យបច្ចេកទេសទាំងអស់ បូករួមទាំងរូបភាពកាមេរ៉ាត្រូវបានរឹបអូសផងដែរ ។

លោក Tunc បានលើកឡើងទៀតថា “មូលហេតុ និងអ្នកដែលទទួលខុសត្រូវនឹងត្រូវបាន កំណត់អត្តសញ្ញាណឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន” ។

គួររំលឹកថា ការផ្ទុះនេះបានកើតឡើង នៅរោងចក្រផលិតគ្រាប់បែកនៅខេត្ត Balikesir កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យមនុស្សចំនួន១១នាក់ស្លាប់ និងចំនួន៧នាក់បានរងរបួស ។

លោក Tunc បានបង្ហើបឱ្យដឹងផងដែរថា ក្រុមដែលមានសមាជិកចំនួន៥នាក់ ដែលក្នុងនោះរួមមានអ្នកឯកទេសខាងគីមីវិទ្យា វិស្វកម្មមេកានិច សុវត្ថិភាពការងារ និងភូមិសាស្ត្រ ត្រូវបានតែងតាំងដើម្បីកំណត់ស្វែងរក ពីមូលហេតុពិតប្រាកដនៃការផ្ទុះនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top