បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តម្លៃហ្គាសនៅអឺរ៉ុបបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានជំរុញដោយការរំខានការផ្គត់ផ្គង់ បន្ទាប់ពីការបដិសេធរបស់អ៊ុយក្រែននាពេលថ្មីៗនេះ ក្នុងការបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយទីក្រុងមូស្គូ។
គួរឲ្យដឹងដែរថាការព្យាករណ៍អាកាសធាតុកាន់តែត្រជាក់បាននិងកំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារថាមពលដ៏តឹងតែងមួយ។
ទីក្រុងគៀវបានសម្រេចចិត្តនៅចុងឆ្នាំ២០២៤ ដើម្បីបញ្ចប់កិច្ចសន្យាដឹកជញ្ជូនឧស្ម័នរយៈពេល ៥ឆ្នាំរបស់ខ្លួនជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នតាមបំពង់របស់រុស្ស៊ី ទៅកាន់ប្រទេសហុងគ្រី រូម៉ានី ប៉ូឡូញ ស្លូវ៉ាគី អូទ្រីស អ៊ីតាលី និងម៉ុលដាវីផងដែរ។
លោក Vladimir Zelensky បានអះអាងថា ការបញ្ចប់កិច្ចសន្យានេះគឺមានគោលបំណងលុបបំបាត់ប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូដែលទោះជាយ៉ាងណាក៏ដោយ ប្រទេសស្លូវ៉ាគី និងហុងគ្រីបានចោទប្រកាន់គាត់ថាមានចេតនាបង្កវិបត្តិថាមពលដើម្បីកេងចំណេញនយោបាយ។
ក្នុងនោះផងដែរទិន្នន័យបង្ហាញថាកម្រិតស្តុកហ្គាសរបស់សហភាពអឺរ៉ុប បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៥៥ ភាគរយទាបជាង ៧២ភាគរយដែលបានកត់ត្រានៅពេលដូចគ្នាកាលពីឆ្នាំមុន និងទាបជាងមធ្យមភាគ៥ឆ្នាំដែលមានចំនួន ៦២ភាគរយ៕
ប្រែសម្រួល៖ ស៊ុនលី
