ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានឆ្លើយតបភ្លាមៗ រាល់ការវាយ​ប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន

CGTN

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងធ្វើប្រតិកម្ម និងការសម្រេចចិត្តភ្លាមៗ ចំពោះការវាយប្រហារណាមួយ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Araghchi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា ខណៈឆ្លើយតបទៅនឹងសំណួរអំពីការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់ហ៊ូ ក្នុងការវាយប្រហារលើទីតាំង  និងគ្រឿងបរិក្ខារ នុយក្លេអ៊ែរអ៊ីរ៉ង់ និងការចូលរួម ដែលអាចធ្វើទៅបានរបស់សហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក Araghchi បានកត់សម្គាល់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអភិវឌ្ឍក្នុងស្រុក ហើយប្រទេសនេះបានគ្រប់គ្រង ដើម្បីទទួលបានសមត្ថភាពនុយក្លេអ៊ែរ និងបច្ចេកវិទ្យាដោយពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន។

លោកបានលើកឡើងថា “កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺស្ថិតនៅក្នុងខួរក្បាលរបស់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ មិនមែននៅលើដីនោះទេ។ សមត្ថភាព និងកម្មវិធីបែបនេះនឹងមិនត្រូវបានបំផ្លាញតាមរយៈការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមអាកាសឡើយ”។

លើសពីនេះ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមានទីតាំងនៅមួយ ឬពីរទេ ប៉ុន្តែនៅក្នុងតំបន់មួយចំនួននៅទូទាំងប្រទេស និងនៅកន្លែង ដែលពិបាក និងមិនអាចកំណត់គោលដៅបានតាមរយៈការវាយប្រហារតាមអាកាស និងត្រូវបានការពារដោយ “ការការពារដែនអាកាសយ៉ាងល្អ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top