អាថែន៖ សភាក្រិកបានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសក្នុងការបោះឆ្នោតជុំទីពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សំឡេងភាគច្រើននៃ ២០០សំឡេងនៅក្នុងសភាដែលមាន ៣០០អាសនៈ គឺត្រូវការសម្រាប់បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំងបួន ដើម្បីកាន់តំណែងនេះ។ សមាជិកសភាទាំង ៣០០រូបបានចូលរួមក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ។ ការព្យាយាមនៅថ្ងៃនេះបានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតមិនទាន់ចប់នៅថ្ងៃទី២៥ ខែមករា។
លោក Constantine Tassoulas អតីតប្រធានសភា និងជាបេក្ខភាពនៃគណបក្សអភិរក្សនិយម New Democracy ដែលកំពុងកាន់អំណាច បានទទួលសម្លេងគាំទ្រ ១៦០សំឡេង ដូចនៅក្នុងជុំទីមួយ។ បេក្ខជនបីរូបផ្សេងទៀតម្នាក់ៗទទួលបានសំឡេងតិចជាង ៥០សំឡេង ម្ដងទៀត។
ប្រធានសភាបាននិយាយថា ជុំទី៣ គ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ដោយកម្រិតសំឡេងបានបន្ទាបមកត្រឹម ១៨០សម្លេងស្របតាមរដ្ឋធម្មនុញ្ញក្រិក។
ប្រសិនបើគ្មានបេក្ខជនណាទទួលបានសំឡេងគាំទ្រក្នុងជុំទី៣ នោះ សំឡេងភាគច្រើនសាមញ្ញនៃ ១៥១ សំឡេងត្រូវបានទាមទារនៅក្នុងជុំទី៤។ ផ្អែកលើការបោះឆ្នោតកន្លងមក អ្នកវិភាគនយោបាយរំពឹងថា លោក Tassoula នឹងលេចចេញជាអ្នកឈ្នះក្នុងជុំនេះ។
ប្រសិនបើគ្មានបេក្ខជនណាធានាបាននូវចំនួនអប្បបរមាដែលត្រូវការនៅក្នុងជុំទី៤ ក្នុងការបោះឆ្នោតជុំទី៥ និងចុងក្រោយ នោះប្រធានាធិបតីនឹងត្រូវបានជ្រើសរើសដោយសម្លេងភាគច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា
