“កាណាដាមានអារម្មណ៍ថា ខ្លួនត្រូវគេក្បួត រំលោភបំពាន និងរងការវាយប្រហារដោយគ្មានហេតុផលទាល់តែសោះ ពីសហរដ្ឋអាមេរិក ដែលជាបងធំរបស់ខ្លួន” ។ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធគយ ចំពោះប្រទេសកាណាដានាពេលថ្មីៗ កន្លងទៅនេះ លោក Derek Holt សេដ្ឋវិទូនៃធនគារ Scotia កាណាដាបានបញ្ចេញឧទាន ដូចពោលខាងលើនេះក្នុងរបាយការណ៍មួយ ។ យ៉ាងណាមិញ ទីបំផុត តើអ្នកនយោបាយកាណាដា បានឆ្លើយតបនឹង”ការក្បត់ រំលោភបំពាន និងវាយប្រហារ”យ៉ាងដូចម្តេច ? ពេលថ្មីៗនេះ អភិបាលនៃខេត្តនិងតំបន់ចំនួន ១៣ របស់ប្រទេសកាណាដា បាននាំគ្នាទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីនិយាយបញ្ចុះបញ្ចូលសមាជិកសភា សមាគមពាណិជ្ជកម្ម និងមគ្គុទ្ទេសក៍ពលករ របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងព្យាយាមអស់ ពីលទ្ធភាព ដើម្បីសុំអង្វរសហរដ្ឋអាមេរិក ឱ្យលើកលែងការដំឡើងពន្ធគយ ចំពោះប្រទេសខ្លួន ។

អ្វីដែលកាន់តែហួសហេតុខុស ទំនងនោះគឺ ដើម្បីនិយាយបញ្ចុះបញ្ចូល ភាគីអាមេរិក អ្នកនយោបាយ កាណាដាបែរ ជាបានលេង” សន្លឹកបៀចិន”ដោយពិពណ៌នាចិន ថា ជា”សត្រូវសេដ្ឋកិច្ចរួម” ។
បន្ទាប់ពីលោកត្រាំបានជាប់ឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀត លោកបានព្រលយសម្តីជាច្រើនលើកហើយថា នឹង”លេបយក” ប្រទេសកាណាដា ដែលធ្វើឱ្យវាក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ។ កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានគំរាមកំហែងថា នឹងយកពន្ធគយបន្ថែម ២៥ ភាគរយចំពោះផលិតផលកាណាដា ដែលនាំចេញទៅសហរដ្ឋអាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល និងជនអន្តោប្រវេសន៍ខុសច្បាប់ ។ ដោយឡែកនៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានប្រកាស ដំឡើងពន្ធគយ ២៥ ភាគរយលើផលិតផលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលទៅសហរដ្ឋអាមេរិកផងដែរ ហើយប្រទេស ដែលរងផលប៉ះពាល់មុនគេ គឺ កាណាដា ។
ទោះបីជាអ្នកនយោបាយ ដូចជាលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ជាដើមនិយាយបានតែមាត់ថា “មិនបន្ធូរបន្ថយគោលជំហរ របស់ខ្លួនជាដាច់ខាត” ដោយបានអះអាងថា នឹងចាត់វិធានការពន្ធគយតបតវិញ ចំពោះសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែតាមពិតទៅ កាណាដាបាន និងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
មួយផ្នែក ប្រទេសកាណាដាត្រូវអាម៉ាស់មុខ ជាញឹកញាប់ដោយសហរដ្ឋអាមេរិក និងសម្តែងការព្រួយបារម្ភ ចំពោះការខាតបង់ផលប្រយោជន៍របស់ខ្លួន មួយផ្នែកទៀត ពួកគេក៏គ្មានសមត្ថភាព ក្នុងការធ្វើការប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិកដែរ ហេតុនេះហើយ អ្នកនយោបាយកាណាដា ទាំងឡាយមានគំនិត អាក្រក់ថា ប្រឆាំងចិនយ៉ាងក្ដែងៗនិងលាបពណ៌ប្រទេសចិន ដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងសុំអង្វរ សហរដ្ឋអាមេរិក ឱ្យលើកលែងការដំឡើងពន្ធគយ ចំពោះប្រទេសខ្លួន ។ កាណាដាបានដាក់ចេញនូវវិធានការ ពាក់ព័ន្ធដែលសំដៅចំពោះចិន ជាបន្តបន្ទាប់ក្នុងវិស័យនយោបាយ សន្តិសុខ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងសេដ្ឋកិច្ចជាដើម ក្នុងនោះមានខ្លះ គឺត្រូវញុះញង់ដោយអ្នកបញ្ជាពីក្រោយ ខ្លះទៀតគឺ “បន្ថែមឆាកល្ខោនដោយខ្លួនឯង” ។
តាមពិតទៅ ប្រទេសចិន និងកាណាដា មិនមានជម្លោះផ្នែកផលប្រយោជន៍ពីឬសគល់នោះទេ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្លាប់បានស្ថិតនៅជួរមុខ នៃទំនាក់ទំនងរវាងចិន និងប្រទេសប៉ែកខាងលិច ក្នុងរយៈពេលយូរ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ប្រភពនាំចូលនិងជាទីផ្សារនាំចេញ ធំទីពីរ របស់ប្រទេសកាណាដា ។ ក្នុងរយៈពេលជាង ៩ ឆ្នាំដែលលោក Justin Trudeau បានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីដំបូង ទំនាក់ទំនង រវាងចិន និងកាណាដា បានទទួលការអភិវឌ្ឍដ៏ល្អប្រសើរ ប៉ុន្តែស្របពេល ដែលសហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិន ជា”គូប្រជែង យុទ្ធសាស្ត្រដ៏ធំបំផុត” ហើយទប់ស្កាត់និងគាបសង្កត់ ដោយគ្រប់ជ្រុងជ្រោយ ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ទង្វើនិងឥរិយាបថ របស់កាណាដា បានចាប់ផ្តើមមានការផ្លាស់ប្តូរដោយសុខចិត្តធ្វើ ជាអ្នកដើរនាំមុខ និងជាទ័ពស្រួចរបស់អាមេរិកក្នុងជួរប្រឆាំងប្រទេសចិន ។ នេះបានបណ្តាលឱ្យកិច្ចសហប្រតិបត្តិការ រវាងចិននិងកាណាដា បានបន្តជួប”ចរន្តត្រជាក់” ហើយក៏បានធ្វើឱ្យកាណាដា បង់តម្លៃដោយសារទង្វើខុសឆ្គង របស់ខ្លួនផងដែរ ។
សំដៅចំពោះទង្វើខុសឆ្គង របស់រដ្ឋាភិបាលប្រទេសខ្លួន ប្រជាជននិងសហគ្រាសជាច្រើនរបស់ប្រទេសកាណាដាសុទ្ធតែបានសម្តែងការប្រឆាំង ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន «របាយការណ៍ស៊ើបអង្កេត អំពីពាណិជ្ជកម្ម រវាងកាណាដានិងចិន» ដែលចេញផ្សាយដោយក្រុមប្រឹក្សា ពាណិជ្ជកម្មកាណាដា-ចិនបានលើកឡើងថា សហគ្រាសកាណាដា ភាគច្រើន សម្គាល់ឃើញថា ប្រទេសចិនគឺជាទីផ្សារជម្រើសចម្បងមួយ របស់ពួកគេក្នុងចំណោមទីផ្សារ ជម្រើសចម្បងចំនួន ៥ ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយការធានាជាក់លាក់ដល់ឱកាសទីផ្សាររបស់ចិន វាមានសារសំខាន់ជាយុទ្ធសាស្ត្រចំពោះកាណាដា ។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងកាណាដា ហើយក៏ជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្រ្តផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសកាណាដាកំពុងប្រឈមមុខ នឹងចំណុចរបត់នៃការផ្លាស់ប្តូររបស់ស្ថានការណ៍នយោបាយប្រទេសខ្លួន ។ បើនិយាយចំពោះថ្នាក់ដឹកនាំ នាពេលអនាគតនៃប្រទេសនេះ តើពួកគេអាចប្រកាន់ខ្ជាប់ នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ បដិសេធមិនព្រមធ្វើជា” ទ័ពស្រួច”របស់អាមេរិកទាំងងងឹតងងុល និងវិលត្រឡប់ទៅរកការយល់ដឹងប្រកបដោយវិចារណញ្ញាណ ចំពោះប្រទេសចិនឡើងវិញឬអត់ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាការសាកល្បងគន្លឹះមួយ ។ការលេង”សន្លឹកបៀចិន”មិនអាចធ្វើជា”ខែលការពារ”របស់ប្រទេសកាណាដាបានទេ ៕
