បរទេស៖ សារព័ត៌មាន Financial Times ដោយដកស្រង់លិខិតមួយ ដែលអ្នកនយោបាយរាយការណ៍ថា បានផ្ញើទៅទីក្រុង ព្រុចសែលថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជំរុញឱ្យអឺរ៉ុប (EU) ចូលរួមជាបន្ទាន់ ក្នុងការសន្ទនា ដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីចរចាបទឈប់បាញ់ នៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋាភិបាល ទីក្រុង Budapest បានរិះគន់ម្តងហើយម្តងទៀត ចំពោះការដឹកជញ្ជូនអាវុធ របស់សហភាពអឺរ៉ុប ទៅកាន់ទីក្រុងគៀវ ។ រដ្ឋាភិបាលហុងគ្រី ក៏បានអំពាវនាវឲ្យដកទណ្ឌកម្មដែលដាក់លើរុស្ស៊ីផងដែរ។
នៅក្នុងអត្ថបទរបស់ខ្លួន កាលពីថ្ងៃសៅរ៍ កាសែត FT ដោយដកស្រង់លិខិត ដែលលោក Orban សន្មត់ថាផ្ញើទៅប្រធាន ក្រុមប្រឹក្សា EU លោក Antonio Costa បានអះអាងថា នាយករដ្ឋមន្ត្រីហុងគ្រី បានទាមទារឱ្យប្លុកនេះផ្តួចផ្តើម “ការពិភាក្សា ដោយផ្ទាល់ជាមួយរុស្ស៊ី ស្តីពីបទឈប់បាញ់” ។
លោក Orban ក៏បានរាយការណ៍ថា “វាបានក្លាយជាភស្តុតាងដែលថា មានភាពខុសប្លែកគ្នាជាយុទ្ធសាស្រ្ត នៅក្នុងវិធីសាស្រ្តរបស់យើង ចំពោះអ៊ុយក្រែន ដែលមិនអាចត្រូវបានភ្ជាប់ ដោយការព្រាង ឬការប្រាស្រ័យទាក់ទងគ្នា” ។ ដូចដែលបានដកស្រង់ ដោយកាសែតអង់គ្លេស ដែលបានបកស្រាយ ការកត់សម្គាល់នេះថា ជាការបង្ហាញថា ទីក្រុង Budapest នឹងរារាំងកិច្ចព្រមព្រៀង ណាមួយនៅក្នុងប្លុក លុះត្រាតែវាស្តាប់ តាមការអំពាវនាវរបស់ហុងគ្រី៕
ប្រែសម្រួលៈ ណៃ តុលា
