បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើ កាលពីថ្ងៃអាទិត្យថា រដ្ឋជាសមាជិក សហភាពអឺរ៉ុប EU ទាំងអស់ គួរតែបង្កើនការចំណាយ លើវិស័យការពារជាតិ របស់ពួកគេដល់៣ទៅ៣,៥ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់សហភាពអឺរ៉ុប ។
ថ្លែងទៅកាន់កាសែតបារាំង Le Figaro បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលផ្នែកការពារជាតិ នៅទីក្រុងឡុងដ៍ លោក Macron បាននិយាយថា ប្រទេសជាសមាជិក សហភាពអឺរ៉ុប គួរតែវិនិយោគឲ្យបានខ្លាំង ជាងនេះលើវិស័យការពារជាតិអឺរ៉ុប ដើម្បីរៀបចំសម្រាប់ ការផ្តាច់ខ្លួនជាយថា ហេតុរបស់អាមេរិក និងធានាសន្តិសុខរបស់អឺរ៉ុប។

គួរឲ្យដឹងដែរថាប្រធានាធិបតីបារាំងបានស្នើឱ្យបង្កើនចំនួនសន្ធឹកសន្ធាប់រួមគ្នា តាមរយៈកម្ចីរួមគ្នា ឬសូម្បីតែយន្តការស្ថិរភាពអឺរ៉ុប។ លោកបានបន្ថែមថា ដំបូងយើងប្រហែល ជាត្រូវការ២០០ ពាន់លានអឺរ៉ូឬ២០៨ ពាន់លានដុល្លារ ដើម្បីចាប់ផ្តើម ។
យោងតាមស្ថិតិដែលចេញផ្សាយ ដោយក្រុមប្រឹក្សា អឺរ៉ុប ក្នុងឆ្នាំ២០២៤ ការចំណាយលើវិស័យការពារជាតិ សរុបរបស់ប្រទេសជាសមាជិក សហភាពអឺរ៉ុប បានឈានដល់ការប៉ាន់ប្រមាណ ចំនួន៣២៦ពាន់លានអឺរ៉ូ ឬត្រូវជា៣៣៨ ពាន់លានដុល្លារនិង ប្រហែលជា១,៩ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប ។
ដោយឡែកជុំវិញបញ្ហា ជម្លោះនៅអ៊ុយក្រែន លោក Macon បានប្រាប់ Le Figaro ថាគាត់មិនជឿលើបទឈប់បាញ់ ដែលអាចធ្វើទៅបាន ដែលចុះហត្ថលេខា ដោយអាមេរិក និងរុស្ស៊ីនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី
