ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្តេជ្ញាបញ្ចូលតំបន់ Greenland ជាថ្មីម្តងទៀត ក្នុងអំឡុងពេលជួបជាមួយប្រធានណាតូ

afp

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងដាក់បញ្ចូលតំបន់ Greenland ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅការិយាល័យ Oval នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សារព័ត៌មាន The Hill បានរាយការណ៍ថា លោក ត្រាំ បានបង្ហាញទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងដាក់បញ្ចូលកោះដ៏ធំនេះ និងស្នើថា ប្រមុខនៃសម្ព័ន្ធភាពណាតូ អាចជាតួអង្គសំខាន់ក្នុងការសម្របសម្រួលការទិញយកនេះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ក្នុងអំឡុងពេលកិច្ចប្រជុំនេះថា “ខ្ញុំគិតថាវានឹងកើតឡើង” ។

ជាការឆ្លើយតប លោក Rutte បានឲ្យដឹងថា ការពិភាក្សាណាមួយអំពីការប៉ុនប៉ងរបស់លោក ត្រាំ ដើម្បីទទួលបានតំបន់ Greenland គឺនៅក្រៅការធានារបស់លោក ហើយលោកមិនចង់អូសទាញណាតូនៅក្នុងរឿងនោះទេ។ លោក ត្រាំ ក៏បានលើកឡើងផងដែរថា “ប្រទេសដាណឺម៉ាកនៅឆ្ងាយណាស់” ពីតំបន់ Greenland ទោះបីជាជាផ្នែកមួយនៃព្រះរាជាណាចក្ររបស់ប្រទេសនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍។

លោក ត្រាំ បានលើកឡើងនៅក្នុងការិយាល័យ Oval ថា “ទូកមួយបានចុះចតនៅទីនោះកាលពី ២០០ ឆ្នាំមុន ឬអ្វីមួយ។ ពួកគេនិយាយថាពួកគេមានសិទ្ធិលើវា” ដោយបន្ថែមថា “ខ្ញុំមិនដឹងថាតើវាពិតឬអត់។ ខ្ញុំមិនគិតថាវាជាការពិតទេ” ។ របាយការណ៍បានបន្ថែមថា លោក ត្រាំ បានកត់សម្គាល់ថា សហរដ្ឋអាមេរិកមានវត្តមានយោធារួចហើយនៅក្នុងតំបន់ Greenland ហើយ “ប្រហែលជាអ្នកនឹងឃើញទាហានកាន់តែច្រើនឡើងទៅកាន់ទីនោះ” ។

ចាប់តាំងពីដើមឆ្នាំនេះមក លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់លោកក្នុងការទទួលបានតំបន់ Greenland សូម្បីតែបង្ហាញពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងក៏ដោយ។ ដោយទទួលស្គាល់ភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយការផ្លាស់ប្តូររបស់លោក ត្រាំ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប្រទេសដាណឺម៉ាក កាលពីដើមខែនេះ ដោយសង្កត់ធ្ងន់ថាអនាគតរបស់តំបន់ Greenland គឺសម្រាប់តែប្រជាជនរបស់ខ្លួនជាអ្នកសម្រេចចិត្តប៉ុណ្ណោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top