ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បន្ថែមកងទ័ពបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយ លុកនៅហ្គាហ្សា

xinhua

យេរ៉ូសាឡឹម ៖ មន្ត្រីការពារជាតិជាន់ខ្ពស់ មួយរូបបានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្ដើមជ្រើសរើសកងទ័ពបម្រុង បង្កើនការវាយលុក របស់ខ្លួននៅក្នុង តំបន់ហ្គាហ្សាស្ទ្រីប ដោយបានប្តេជ្ញាថា នឹងបង្កើនសម្ពាធលើក្រុមហាម៉ាស់ ដើម្បីដោះលែងចំណាប់ខ្មាំង។ លោក Eyal Zamir ប្រធានអគ្គសេនាធិការ នៃកងកម្លាំងការពារជាតិ អ៊ីស្រាអែលបា នប្រកាសពីការផ្លាស់ប្តូរនេះក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចទៅកាន់មូលដ្ឋាន បញ្ជាការកងទ័ពជើងទឹកមួយកន្លែង។

លោក Zamir បានលើកឡើងថា “សប្តាហ៍នេះ យើងកំពុងជ្រើសរើសកងទ័ពបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រឹង និងពង្រីកប្រតិបត្តិការវាយ ប្រហាររបស់យើងនៅ ក្នុងតំបន់ហ្គាហ្សា យើងកំពុងបង្កើនសម្ពាធ ដើម្បីនាំយកចំណាប់ខ្មាំង របស់យើងត្រឡប់មកផ្ទះវិញ និងកំទេចវត្ដមានក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា”។

លោកបានបន្ថែមថា ជាផ្នែកមួយនៃការពង្រីកការវាយលុក យោធានឹងធ្វើប្រតិបត្តិការ “ក្នុងតំបន់បន្ថែម” នៅក្នុងតំបន់ជុំវិញ និងបំផ្លាញ “ហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមសកម្មប្រយុទ្ធទាំងអស់” ។ លោកថា ក្រុមបម្រុងក៏នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ផ្សេងទៀត រួមទាំងព្រំដែនភាគខាងជើងក្បែរ ប្រទេសលីបង់ និងស៊ីរី និងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ផងដែរ។

កងទ័ពបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍ ដែលកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារទីតាំងជាង ១០០ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយផ្តោតលើកោសិកា នៃក្រុមសកម្មប្រយុទ្ធ ហេដ្ឋារចនាសម្ព័ន្ធក្រោមដី និង បរិវេណយោធាជាដើម។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងដៃគូចម្រុះរបស់លោក បានប្តេជ្ញាបន្តសង្រ្គាម រហូតដល់ក្រុមហាម៉ាស់ ដាក់អាវុធចុះចាញ់ ទោះបីជាមានសម្ពាធជាសាធារណៈកាន់តែខ្លាំងឡើង ក្នុងប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចធានាបាននូវការ ដោះលែងចំណាប់ខ្មាំង ៥៩ នាក់ ដែលអ៊ីស្រាអែលបានអះអាងថា នៅតែត្រូវបានឃុំខ្លួន នៅក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top