ឡូសអេនជឺលេស៖ តាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាតត្រដាងកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់លោកដូណាល់ ត្រាំ ថា ទីក្រុងមូស្គូ នឹងត្រូវតែឆ្លើយតប ចំពោះការវាយប្រហារទ្រង់ទ្រាយធំ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្ររបស់រុស្ស៊ី ប៉ុន្មានថ្ងៃមុន។ វាកើតឡើងក្រោយពីកងកម្លាំងអ៊ុយក្រែន បានបើកកការវាយប្រហារដោយយន្ដហោះ គ្មានមនុស្សបើកលើមូលដ្ឋាន ទ័ពអាកាសយុទ្ធសាស្ត្រ របស់រុស្ស៊ី បណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោក ដូណាល់ ត្រាំ បានសរសេរ នៅក្នុងការបង្ហោះនៅលើគណនី Truth Social របស់លោកថា លោកបានបញ្ចប់ការសន្ទនា តាមទូរស័ព្ទជាមួយលោក ពូទីន និងពិភាក្សាអំពីការវាយប្រហារកាលពីថ្ងៃទី ១ ខែមិថុនា ដែលវាជាលើកទីមួយហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយជាសាធារណៈអំពីប្រតិបត្តិការ ដែលប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បាននិយាយទៅកាន់លោកដោយផ្ទាល់។
លោក ដូណាល់ ត្រាំ បានសរសេរថា “យើងបានពិភាក្សាអំពីការ វាយប្រហារលើយន្តហោះដែលចូលចតរបស់រុស្ស៊ី ដោយអ៊ុយក្រែន និងការវាយប្រហារផ្សេងទៀត ដែលបានកើតឡើង ដោយភាគីទាំងពីរ” ។ លោកបានបន្ថែមថា ការហៅទូរស័ព្ទកាលពីថ្ងៃពុធ មានរយៈពេលប្រហែល មួយម៉ោង និង១៥នាទី ដោយលោកបានកត់សម្គាល់ថា «វាជាការសន្ទនាដ៏ល្អ ប៉ុន្តែមិនមែនជាការសន្ទនា ដែលនឹងនាំទៅរកសន្តិភាពភ្លាមៗនោះទេ»៕
ប្រែសម្រួល ឈូក បូរ៉ា
