បរទេស៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំនួនបួនរូបជុំវិញអ្វីដែលខ្លួនបានពណ៌នាថា ជា “សកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋាន” ប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្នយុត្តាធិការរបស់តុលាការ ICC ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន ១២៣ ។ ក្នុងចំណោមប្រទេសដែលមិនចូលហត្ថលេខី រួមមានអាមេរិក រុស្ស៊ី ចិន និងអ៊ីស្រាអែល ។ តុលាការមិនមានកម្លាំងប៉ូលិសរបស់ខ្លួនទេ ហើយពឹងផ្អែកលើរដ្ឋជាសមាជិក ក្នុងការឃុំខ្លួន និងផ្ទេរជនសង្ស័យ ។ កាលពីខែកុម្ភៈ រដ្ឋបាលអាមេរិកបានដាក់ទណ្ឌកម្ម ICC និងរដ្ឋអាជ្ញាកំពូល របស់តុលាការនេះគឺលោក Karim Khan ចំពោះការចេញដីកា ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ទណ្ឌកម្មថ្មីបានកំណត់គោលដៅទៅលើចៅក្រម Solomy Balungi Bossa នៃប្រទេស Uganda, Luz del Carmen Ibanez Carranza នៃប្រទេសប៉េរូ, Reine Adelaide Sophie Alapini Gansou នៃ Benin (អាហ្វ្រិកខាងលិច) និង Beti Hohler នៃប្រទេសស្លូវេនី ជុំវិញ “សកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានលើអ៊ីស្រាអែលរបស់យើង” ។
លោក Rubio បានចោទប្រកាន់ ICC ពីបទ “ធ្វើនយោបាយ” និង បានអះអាងមិនពិត នូវសិទ្ធិអំណាច ដែលមិនបាន ត្រួតពិនិត្យ ក្នុងការស៊ើបអង្កេត ចោទប្រកាន់ និងកាត់ទោស ជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុង វ៉ាស៊ីនតោន ដោយហៅតុលាការថាជា “ការអះអាងដ៏គ្រោះថ្នាក់ និងការរំលោភបំពានអំណាច” ៕
ប្រែប្រួលៈ ណៃ តុលា
