យប់ថ្ងៃទី៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិកតាមការណាត់ ។
លោក Xi Jinping បានគូសបញ្ជាក់ថា យោងតាមការស្នើឡើង របស់សហរដ្ឋអាមេរិក ប្រធានក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើកិច្ចពិភាក្សាការងារនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ដោយបោះជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា ដែលទទួលបានការស្វាគមន៍ យ៉ាងទូលំទូលាយពីមជ្ឈដ្ឋាននានា របស់ប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ ប្រការនេះក៏បានបញ្ជាក់ថា កិច្ចសន្ទនានិង កិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ។ ភាគីទាំងពីរគួរតែប្រើប្រាស់ ឱ្យបានល្អនូវយន្តការ ពិគ្រោះពិភាក្សា ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបានបង្កើតរួច ប្រកាន់ខ្ជាប់អាកប្បកិរិយាសមភាព គោរពពីក្តីកង្វល់រៀងៗខ្លួន ដើម្បីស្វែងរកលទ្ធផល ឈ្នះ-ឈ្នះ ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនមានភាពស្មោះត្រង់ ហើយក៏មានគោលការណ៍របស់ខ្លួនដែរ ។ បន្ទាប់ពីកិច្ចពិភាក្សា នៅក្រុងហ្សឺណែវ ប្រទេសចិនបានអនុវត្តកិច្ចព្រមព្រៀង យ៉ាងម៉ឺម៉ាត់ និងម៉ត់ចត់ សហរដ្ឋអាមេរិកគួរ តែមើលឃើញពីការវិវឌ្ឍ ដែលទទួលបាន ហើយលុបចោលវិធានការ អវិជ្ជមានដែលអនុវត្តចំពោះប្រទេសចិន។ ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរ លើគ្រប់វិស័យ ដូចជា ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កងទ័ព និងការអនុវត្តច្បាប់ជាដើម ក៏ដូចជាបង្កើនគំនិតឯកភាពរួម កាត់បន្ថយការយល់ច្រឡំ និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោកគោរព ប្រធានរដ្ឋចិនលោក Xi Jinping ណាស់ ហើយទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងចិន គឺមានសារសំខាន់ណាស់ ។ សហរដ្ឋអាមេរិករីករាយ ដែលមើលឃើញថា សេដ្ឋកិច្ចចិនបានរក្សាសន្ទុះកំណើនដ៏ខ្លាំងក្លា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកនិងចិន អាចជំរុញឱ្យសម្រេចរឿង មានប្រយោជន៍ជាច្រើន សហរដ្ឋអាមេរិកនឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនមួយ ។ កិច្ចពិភាក្សានៅក្រុងហ្សឺណែវ រវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ ហើយក៏ឈានដល់កិច្ចព្រមព្រៀងដ៏ល្អ ។ សហរដ្ឋអាមេរិករីករាយ ធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើខិតខំប្រឹងប្រែងរួម ក្នុងការអនុវត្តកិច្ចព្រមព្រៀង ។
សហរដ្ឋអាមេរិក ស្វាគមន៍និស្សិតចិន មកបន្តការសិក្សានៅសហរដ្ឋអាមេរិក។
លោក Xi Jinping ក៏បានសម្តែងការស្វាគមន៍លោក ដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ចម្តងទៀតនៅប្រទេសចិន លោកដូណាល់ ត្រាំ បានថ្លែងអំណរគុណដោយស្មោះ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ យល់ព្រមឱ្យក្រុមការងារ នៃភាគីទាំងពីរបន្តអនុវត្តឱ្យបានល្អ នូវគំនិតឯកភាពរួមនៅក្រុងហ្សឺណែវ និងធ្វើកិច្ចពិភាក្សាជុំថ្មី ក្នុងពេលឆាប់ៗ ៕
