បរទេស៖ មេដឹកនាំនៃប្រទេសប្រេស៊ីល និងឥណ្ឌាបានអះអាងជាថ្មីនូវការគាំទ្រ របស់ពួកគេចំពោះពហុភាគីនិយម និងពាណិជ្ជកម្មដោយយុត្តិធម៌ក្នុងការឆ្លើយតប ទៅនឹងពន្ធរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលប្រេស៊ីល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោង ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងពាណិជ្ជកម្មកើនឡើង។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃ “ការការពារពហុភាគីនិយម និងតម្រូវការក្នុងការប្រឈមមុខនឹង បញ្ហាសកលបច្ចុប្បន្ន” ខណៈពេលដែលការស្វែងយល់ពី សមាហរណកម្មកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ។
កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធ 50% លើទំនិញប្រេស៊ីលកាលពីថ្ងៃទី ៣០ ខែកក្កដា ដោយលើកឡើងពីការកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ដែលកំពុងប្រឈមមុខនឹងការកាត់ទោស ពីបទគ្រោងធ្វើរដ្ឋប្រហារបន្ទាប់ពីការចាញ់ការបោះឆ្នោតឆ្នាំ ២០២២ ។ លោក Trump បានចោទទីក្រុង Brasilia អំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយបានហៅប្រទេស BRICS ថាជាការគំរាមកំហែងដល់ សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ប្រទេសប្រេស៊ីលបានថ្កោលទោសទង្វើនេះថា ជាការប៉ុនប៉ងខុសច្បាប់ដើម្បីជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ចំណែកចិន បានគាំទ្រប្រេស៊ីល ដោយបានបរិហារអ្វីដែលខ្លួនហៅថា «ការសម្លុត» ដោយអាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា
