លោក ដូណាល់ ត្រាំ ៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់ ចុះហត្ថលេខាលើ “ដំណាក់កាលដំបូង” នៃផែនការសន្តិភាពហ្គាហ្សា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើដំណាក់កាលទីមួយ នៃផែនការសន្តិភាពតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ដូណាល់ ត្រាំ បានសរសេរថា “នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ ដែលបានព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍”។ លោកបានអរគុណអ្នកសម្រុះសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងតួកគី សម្រាប់ “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមក”។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃដដែលនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា “ ហើយអាចនឹងទៅដល់ទីនោះនៅចុងសប្តាហ៍នេះ”។ អ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមការចរចាដោយប្រយោលជុំវិញបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Sharm el-Sheikh កាលពីថ្ងៃចន្ទ។
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប បណ្តាលឱ្យមានគ្រោះទុរ្ភិក្ស និងការផ្លាស់ទីលំនៅរីករាលដាល ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៧,១៨៣ នាក់ និងរបួស ១៦៩,៨៤១ នាក់ផ្សេងទៀត នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
