កូឡំប៊ីចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកព្យាយាមបង្កើតសង្គ្រាមនៅការ៉ាប៊ីន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងព្យាយាមបង្កើតសង្រ្គាមនៅការ៉ាប៊ីន ក្រោមការក្លែងបន្លំនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដោយបន្ថែមថា ពលរដ្ឋកូឡុំប៊ីជាច្រើននាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចុងក្រោយនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា។
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ លោក Petro បានអះអាងថា យុទ្ធនាការនេះមិនមែននិយាយអំពីគ្រឿងញៀនទេ ប៉ុន្តែជាធនធាននៅក្នុងតំបន់។ សេតវិមានបានច្រានចោលការអះអាងនេះថា គ្មានមូលដ្ឋាន នេះបើយោងតាមផ្សព្វផ្សាយដោយកាសែត Reuters ។
សហរដ្ឋអាមេរិកបាននិងកំពុងធ្វើការវាយប្រហារតាមផ្លូវអាកាសសំដៅលើនាវាដែលសង្ស័យថារត់ពន្ធគ្រឿងញៀននៅជិតប្រទេសវេណេស៊ុយអេឡា នៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីន។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduroជាយូរមកហើយថា មានទំនាក់ទំនងនឹងក្រុមជួញដូរគ្រឿងញៀន។ លោក Maduro បានបដិសេធការចោទប្រកាន់នេះ ហើយបានទទូចថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងទម្លាក់លោកចេញពីតំណែងប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកបានពន្លិចទូកយ៉ាងតិចបួនគ្រឿង មកហើយដែលខ្លួនបានអះអាងថាមានផ្ទុកគ្រឿងញៀននៅឯឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា និងដោយបានសម្លាប់មនុស្សជាង ២០នាក់មកហើយ។
ប្រធានាធិបតីកូឡុំប៊ីបានអះអាងថា យុទ្ធនាការរបស់សហរដ្ឋអាមេរិកមិនមែនអំពីគ្រឿងញៀនទេ ប៉ុន្តែអំពីបំណងចង់គ្រប់គ្រងធនធានធម្មជាតិ។ គាត់បានសរសេរថា មិនមានសង្រ្គាមប្រឆាំងនឹងការរត់ពន្ធទេ ប៉ុន្តែមានសង្រ្គាមដើម្បីគ្រប់គ្រងតំបន់ប្រេង ដោយហៅការវាយប្រហារនេះថា ជាការឈ្លានពានប្រឆាំងនឹងអាមេរិកឡាទីន និងតំបន់ការាបៀនទាំងមូល៕
ប្រែសម្រួល៖ ស៊ុនលី
