ព័ត៌មានអន្តរជាតិ

ការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងកាន់តែគ្រោះថ្នាក់

យូអិន៖ ឈានចូលទៅក្នុងថ្ងៃទី ៣ នៃកិច្ចចរចាសន្តិភាពតំបន់ Gaza នៅក្នុងប្រទេសអេហ្ស៊ីប មិនមានការរអាក់រអួល ឬការបន្ធូរបន្ថយក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សានោះទេ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា ការវាយលុកនេះកំពុងធ្វើឱ្យស្ថានការណ៍មនុស្សធម៌ដ៏អាក្រក់រួចទៅហើយនោះ កាន់តែគ្រោះថ្នាក់ថែមទៀត។

ប្រភពពី OCHA បានឲ្យដឹងថាដៃគូរបស់ខ្លួនរាយការណ៍ថាមនុស្សជាច្រើនមិនអាចចាកចេញពីភាគខាងជើងហ្គាហ្សាបានទេដោយសារតែអសន្តិសុខ។ មនុស្សកំពុងដេកនៅខាងក្រៅ និងតស៊ូដើម្បីរស់ ចំពេលមានការខ្វះខាតអាហារ និងទីជម្រកយ៉ាងធ្ងន់ធ្ងរ មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយការវិភាគបឋម ស្តីពីទំហំនៃការខូចខាតនៅក្នុងទីក្រុងហ្គាហ្សា ដែលគ្របដណ្តប់លើរចនាសម្ព័ន្ធ ៨៣ ភាគរយ ផ្ទះសម្បែងប្រហែល ៨១០០០ខ្នង ត្រូវបានខូចខាត។

អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅឆ្នាំ ២០២៣ ប្រជាជនប៉ាឡេស្ទីនជិត ៤២,០០០ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងអាចផ្លាស់ប្តូរអាយុជីវិតនៅក្នុងតំបន់ហ្គាហ្សា។ ម្នាក់ក្នុងចំណោមបួននាក់ដែលរងរបួស គឺជាកុមារ។

សម្រាប់តំបន់ West Bank ការិយាល័យ OCHA បានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល រួមទាំងអ្នកនៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ភាគខាងជើង។ មនុស្សរាប់ម៉ឺននាក់នៅតែជម្លៀសចេញពីផ្ទះរបស់ពួកគេនៅក្នុងជំរុំ Tulkarm, Nur Shams និង Jenin ។

ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ការិយាល័យ OCHA បានចងក្រងឯកសារការវាយប្រហារជាង ១,២០០លើក ដោយអ្នកតាំងលំនៅអ៊ីស្រាអែលនៅទូទាំងតំបន់ West Bank ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនរងរបួស ការខូចខាតទ្រព្យសម្បត្តិ។

ការិយាល័យបានឲ្យដឹងថា ការប្រមូលផលអូលីវ គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ដ៏សំខាន់សម្រាប់ប្រជាជនប៉ាឡេស្ទីន។ ទោះជាយ៉ាងណាក៏ដោយ កសិករមួយចំនួននៅ Nablus, Salfit និង Qalqiliya មិនអាចប្រមូលផលដំណាំរបស់ពួកគេបានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារការវាយប្រហាររបស់អ្នកតាំងលំនៅ ឬដោយសារដើមឈើត្រូវបានបំផ្លិចបំផ្លាញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top