ព័ត៌មានអន្តរជាតិ

លោក Zelenskyy ថា អ៊ុយក្រែនប្រើប្រាស់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរហូតដល់ ៣០០ គ្រឿងក្នុងប្រតិបត្តិការតែមួយ វាយប្រហារលើរោងចក្រថាមពលរបស់រុស្ស៊ី

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារលើទីតាំងប្រេងរបស់រុស្ស៊ីដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលទើបនឹងបង្កើតថ្មី កំពុងបណ្តាលឱ្យមានការខ្វះខាតឧស្ម័នយ៉ាងសំខាន់នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងរបស់អ៊ុយក្រែននាពេលថ្មីៗនេះ បានធ្វើឱ្យខូចផែនការរបស់រុស្ស៊ីក្នុងការចាប់យកផ្នែកខ្លះនៃតំបន់ Donetsk ភាគខាងកើត។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Zelenskyy បាននិយាយថា មីស៊ីល Palianytsia ថ្មីរបស់អ៊ុយក្រែន បានវាយប្រហារលើឃ្លាំងយោធារុស្ស៊ីជាច្រើនកន្លែង។ ទន្ទឹមនឹងនោះ យន្តហោះគ្មានមនុស្សបើក កាំជ្រួច Ruta ថ្មីៗនេះ បានវាយប្រហារលើវេទិកាប្រេងនៅឈូងសមុទ្ររបស់រុស្ស៊ី ដែលមានចម្ងាយជាង ២៥០ គីឡូម៉ែត្រ ក្នុងអ្វីដែលលោក Zelenskyy ហៅថា “ជោគជ័យធំ” សម្រាប់អាវុធថ្មី។

មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ Liutyi និង Fire Point រហូតដល់ទៅ ៣០០ គ្រឿងក្នុងប្រតិបត្តិការតែមួយ បានវាយប្រហាររោងចក្រថាមពលរបស់រុស្ស៊ី ហើយថ្មីៗនេះ កងកម្លាំងអ៊ុយក្រែនក៏បានបាញ់ប្រព័ន្ធមីស៊ីល Neptune និង Flamingo ទៅកាន់ប្រទេសរុស្ស៊ី ថែមទៀត។

លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា កង្វះខាតប្រេងឥន្ធនៈរបស់រុស្ស៊ី និងការនាំចូលខ្ពស់បង្ហាញថា ការវាយប្រហាររបស់អ៊ុយក្រែនកំពុងដំណើរការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top