ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន ជាច្រើនក្រុមអំពាវនាវ ឲ្យរដ្ឋាភិបាលដកចេញមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមពលរដ្ឋមកពីខេត្ត Hiroshima និងខេត្ត Yamaguchi របស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ បានដាក់ញត្តិអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុន ជំរុញឱ្យយោធាសហរដ្ឋអាមេរិក ដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួន ដែលបានដាក់ពង្រាយនៅក្នុងខេត្ត Iwakuni ខេត្ត Yamaguchi ។

ក្រុម​ប្រជាពលរដ្ឋទាំង​នោះ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ការ​ដាក់​ពង្រាយ​បណ្តោះ​អាសន្ន​ ក្រោម​ការ​បង្ហាញ​ថា​សមយុទ្ធ​រួម​អាច​ក្លាយ​ជា​ដំណើរទៅជាអចិន្ត្រៃយ៍។

កងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន និងយោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នា ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៥ ខែកញ្ញា នៅទូទាំងកោះ Kyushu របស់ប្រទេស ជប៉ុន និងតំបន់ផ្សេងទៀត ក្នុងអំឡុងពេលដែលយោធា សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធ Typhon នៅក្នុងប្រទេសជប៉ុនជាលើកដំបូងផងដែរ។

ញត្តិដែលបានដាក់ជូនការិយាល័យ ការពារជាតិ នៃក្រសួងការពារជាតិជប៉ុន បានព្រមានថា ការដាក់ពង្រាយប្រព័ន្ធ Typhon នឹងបង្កភាពចលាចលដល់ប្រទេសជិតខាង ហើយទាមទារឱ្យ មានការដកចេញជាបន្ទាន់ ខណៈដែលប្រឆាំងនឹងការដាក់ ពង្រាយឡើងវិញនាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top