រុស្ស៊ី នឹងពង្រឹងជំហររបស់ខ្លួននៅក្នុងការចរចា បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើលំនៅដ្ឋានរបស់លោក ពូទីន
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងពង្រឹងជំហររបស់ខ្លួននៅក្នុងការចរចាអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើលំនៅដ្ឋានប្រធានាធិបតីរុស្ស៊ីនៅក្នុងតំបន់ Novgorod។ ផលវិបាកការទូតនៃការវាយប្រហារនេះនឹងជាការធ្វើឱ្យជំហរចរចារបស់រុស្ស៊ីកាន់តែរឹងមាំ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានបដិសេធការចោទប្រកាន់ពីការវាយប្រហារនេះ ដោយហៅវាថាជា “ការកុហកមួយទៀតពីសហព័ន្ធរុស្ស៊ី”។ លោក Peskov បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែន មានគោលបំណងរំខានដល់ដំណើរការចរចាស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន ដែលរុស្ស៊ីមិនដកខ្លួនចេញ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសរុស្ស៊ីនឹងបន្តការសន្ទនា ជាចម្បងជាមួយសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ទីក្រុងគៀវ បានបើកការវាយប្រហារមួយយប់ដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយចំនួន ៩១ គ្រឿង ដោយកំណត់គោលដៅទៅលើលំនៅដ្ឋានប្រធានាធិបតីនៅ Novgorod។ យន្តហោះគ្មានមនុស្សបើកទាំងអស់ត្រូវបានបាញ់ទម្លាក់ ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយត្រូវបានទទួលនោះទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយលោក ហ្សេឡិនស្គី នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ ដោយលោកបានឲ្យដឹងថា ភាគីទាំងពីរកំពុង «ខិតជិតមកដល់ហើយ ប្រហែលជាជិតដល់ហើយ» ទៅនឹងកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។
ម្យ៉ាងវិញទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ អំពីវឌ្ឍនភាពនៃការចរចាចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី យូសាកូវ។ លោក ពូទីន បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ី មានបំណងបន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផលិតភាពជាមួយដៃគូអាមេរិករបស់ខ្លួន ដើម្បីស្វែងរកផ្លូវឆ្ពោះទៅរកការសម្រេចបានសន្តិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
