ប្រទេសម៉ិកស៊ិក នឹងតម្លើងពន្ធនាំចូលទៅលើប្រទេស ថៃ ចិន ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត
បរទេស៖ ប្រទេសម៉ិកស៊ិកនឹងដំឡើងពន្ធលើផលិតផលដែលបានជ្រើសរើសពីប្រទេសដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយខ្លួន រួមទាំងកូរ៉េខាងត្បូង និងចិនផងដែរ។ នេះបើតាមសារព័ត៌មាន KBS World ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ។
យោងតាមការិយាល័យប្រធានាធិបតីម៉ិកស៊ិកកាលពីថ្ងៃអង្គារ គឺ ការកែសម្រួលច្បាប់ពន្ធលើការនាំចូល និងនាំចេញទូទៅ (LIGIE) ការកែសម្រួលអត្រាពន្ធលើទំនិញនាំចូលជាច្រើន ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារាចរផ្លូវការរបស់រដ្ឋាភិបាល។
អត្រាថ្មីនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ហើយអនុវត្តចំពោះមុខទំនិញរាប់ពាន់មុខទំនិញ ដែលកំណត់ដោយរដ្ឋាភិបាលម៉ិកស៊ិកជាផលិតផលយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុករួមមានស្បែកជើង វាយនភ័ណ្ឌ សំលៀកបំពាក់ ដែក និងរថយន្ត។
អត្រាពន្ធជាទូទៅនឹងមានចាប់ពី ៥ភាគរយ ទៅ ៣៥ ភាគរយ ខណៈដែលផលិតផលដែកមួយចំនួននឹងត្រូវប្រឈមមុខនឹងពន្ធរហូតដល់ ៥០ ភាគរយ។
វិធានការនេះកំណត់គោលដៅប្រទេសដែលគ្មាន មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយម៉ិកស៊ិក ក្នុងចំណោមនោះ កូរ៉េខាងត្បូង ចិន ឥណ្ឌា វៀតណាម ថៃ ឥណ្ឌូនេស៊ី តៃវ៉ាន់ អារ៉ាប់រួម និងអាហ្រ្វិកខាងត្បូង — ទោះបីជាវាត្រូវបានមើលយ៉ាងទូលំទូលាយថាជាគោលដៅចម្បងចំពោះប្រទេសចិនក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
