ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងពាណិជ្ជកម្មអាវុធរវាងអ៊ីរ៉ង់ និងវេណេស៊ុយអេឡា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាព និងបុគ្គលចំនួន១០ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានចោទប្រកាន់ទីក្រុងតេហរ៉ង់ពីការផ្គត់ផ្គង់អាវុធជាច្រើនទៅដល់រដ្ឋាភិបាលទីក្រុងការ៉ាកាស និងគំរាមកំហែងផលប្រយោជន៍សហរដ្ឋអាមេរិកនៅទូទាំងអឌ្ឍគោលខាងលិច រួមទាំងទឹកដីកំណើតរបស់សហរដ្ឋអាមេរិកផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុនវេណេស៊ុយអេឡា ដែលកំណត់គោលដៅដោយការដាក់ទណ្ឌកម្មបានជាប់ពាក់ព័ន្ធក្នុងការលក់យន្តហោះគ្មានមនុស្សបើកប្រយុទ្ធ (UAV) ដែលរចនាឡើងដោយអ៊ីរ៉ង់ តម្លៃរាប់លានដុល្លារ។

សេចក្តីថ្លែងការណ៍បាននិយាយថា អង្គភាព និងបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទគាំទ្របណ្តាញលទ្ធកម្មដែលភ្ជាប់ទៅនឹងកម្មវិធីយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។

ក្រសួងរតនាគារអាមេរិកក៏បាននិយាយផងដែរថា កម្មវិធី UAV និងមីស៊ីលរបស់អ៊ីរ៉ង់បានគំរាមកំហែងបុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា និងរំខានដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមយ៉ាងខ្លាំង៕

ប្រែសម្រួល៖ ស៊ុនលី

To Top