ស្រមោលនៃជម្លោះ នៅតែគ្របដណ្ដប់លើមជ្ឈិមបូព៌ា ខណៈដែលអាមេរិក និងអ៊ីរ៉ង់ចាប់ផ្តើមការសន្ទនា
គែរ៖ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការចាប់ផ្តើមនៃការសន្ទនា ហាក់ដូចជាមានក្តីសង្ឃឹមបន្តិចបន្តួច សម្រាប់ការបន្ធូរបន្ថយភាពតានតឹង ដែលបានគ្របដណ្ដប់លើមជ្ឈិមបូព៌ា អស់រយៈពេលជាច្រើនសប្តាហ៍។
ទោះជាយ៉ាងណាក៏ដោយ ដោយសារទីក្រុងវ៉ាស៊ីនតោន បន្តពង្រឹងវត្តមានយោធារបស់ខ្លួន និងការរំពឹងទុក សម្រាប់ការចរចានៅតែមិនប្រាកដប្រជា ស្រមោលនៃជម្លោះនៅតែគ្របដណ្ដប់លើតំបន់នេះ។
នៅយប់ថ្ងៃសៅរ៍ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេបានផ្តួចផ្តើមការសន្ទនា ដោយផ្តល់នូវការធូរស្រាលដល់មនុស្សជាច្រើនដែលបានថប់ដង្ហើមក្រោមភាពតានតឹង នៃការប្រឈមមុខដាក់គ្នារយៈពេលមួយសប្តាហ៍ រវាងប្រទេសទាំងពីរ។
លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឧ្យដឹងថា ការបង្កើតរចនាសម្ព័ន្ធ សម្រាប់ការចរចាកំពុងដំណើរការទៅមុខ។
ក្រោយមកនៅថ្ងៃនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា អ៊ីរ៉ង់កំពុង «ជជែកយ៉ាងម៉ឺងម៉ាត់» ជាមួយសហរដ្ឋអាមេរិក។
លោក ត្រាំ បានឧ្យដឹងថា “ខ្ញុំសង្ឃឹមថាពួកគេនឹងចរចាអ្វីមួយ ដែលអាចទទួលយកបាន យើងអាចធ្វើកិច្ចព្រមព្រៀង ដែលបានចរចាដែលនឹងពេញចិត្ត ដោយគ្មានអាវុធនុយក្លេអ៊ែរ ហើយពួកគេគួរតែធ្វើដូច្នេះ ប៉ុន្តែខ្ញុំមិនដឹងថាពួកគេនឹងធ្វើឬអត់ទេ”។
នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ «យុត្តិធម៌ និងសមធម៌» ជាមួយសហរដ្ឋអាមេរិក នៅតែអាចសម្រេចបានក្នុងរយៈពេលខ្លី ដោយផ្តល់ថាទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលគោលនយោបាយបង្ខិតបង្ខំរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
