ឥណ្ឌាព្យាករណ៍ពីកំណើន សេដ្ឋកិច្ចមានស្ថិរភាព ទោះបីជាមានការតម្លើងពន្ធពីលោក ត្រាំ ក៏ដោយ
បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាត្រូវ បានគេព្យាករថានឹងកត់ត្រាកំណើនស្ថិរភាព នៅក្នុងឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២៦-២៧ ដែលជំរុញដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ ទោះបីជាមានផលប៉ះពាល់នៃពន្ធគយ របស់សហរដ្ឋអាមេរិកក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ថា ការស្ទង់មតិសេដ្ឋកិច្ចរបស់រដ្ឋាភិបាល សហព័ន្ធដែលដាក់ជូនសភាកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ដែលចាប់ផ្តើមនៅខែមេសា នឹង មានចន្លោះពី ៦,៨% ទៅ ៧,២% ដែលទាបជាងការព្យាករណ៍ ប្រចាំឆ្នាំបច្ចុប្បន្ន ៧,៤% បន្តិច។
ការស្ទង់មតិបានសន្មតថាការធ្លាក់ ចុះបន្តិចបន្តួចនេះ ដោយសារតែការប្រែប្រួលសកលលោក ដែលជះឥទ្ធិពលដល់ទស្សន:វិស័យ។
ការស្ទង់មតិក៏បានទទួលស្គាល់ ផងដែរថា រូបិយប័ណ្ណខ្សោយនឹង “ធ្វើឱ្យវិនិយោគិនផ្អាក”។ ប្រាក់រូពីរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះដល់កម្រិតទាបបំផុត ធៀបនឹងប្រាក់ដុល្លារកាលពីថ្ងៃព្រហស្បតិ៍។
ការព្យាករណ៍របស់ទីក្រុងញូវដេលីអំពីកំណើន ៧,៤% ក្នុងឆ្នាំហិរញ្ញវត្ថុនេះគឺលើសពីចន្លោះពី ៦,៣% ទៅ ៦,៨% ដែលបានព្យាករណ៍នៅក្នុងការស្ទង់មតិកាលពីឆ្នាំមុន។
ការពិនិត្យឡើងវិញនៃតួលេខដែលបានព្យាករសម្រាប់ឆ្នាំ ២០២៥-២០២៦ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធ ៥០% លើប្រទេសឥណ្ឌាក្នុងខែសីហា ដែលពាក់កណ្តាលនៃពន្ធទាំងនោះជាវិធានការដាក់ទណ្ឌកម្មចំពោះការទិញប្រេង របស់រុស្ស៊ីរបស់ទីក្រុងញូវដេលី។
ប្រែសម្រួល: ណៃ តុលា
