ប្រមុខសន្តិសុខអ៊ីស្រាអែល ជួបប្រជុំគ្នាដើម្បីវាយតម្លៃការត្រៀមខ្លួន សម្រាប់ការកើនឡើងភានតឹង ដែលអាចកើតមានជាមួយអ៊ីរ៉ង់
យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានជួបប្រជុំជាមួយប្រមុខយោធាលោក Eyal Zamir ដើម្បីវាយតម្លៃ “ការត្រៀមខ្លួន ប្រតិបត្តិការ” របស់យោធា បន្ទាប់ពីកិច្ចពិភាក្សាការពារជាតិបន្ទាន់ របស់ភាគីទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។
ក្រសួងការពារជាតិបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាបានផ្តោតលើ “ការត្រៀមខ្លួនប្រតិបត្តិការ របស់យោធាសម្រាប់សេណារីយ៉ូ ដែលអាចកើតមាន” ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។
កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីលោក Zamir បានបញ្ចប់ដំណើរទស្សនកិច្ចចុងសប្តាហ៍ទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានពិភាក្សាអំពីការសម្របសម្រួលយុទ្ធសាស្ត្រការពារជាតិ ជាមួយប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោក Dan Caine និងមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ។
កិច្ចពិភាក្សាត្រូវបានគេរាយការណ៍ថា ផ្តោតលើការរៀបចំ សម្រាប់សកម្មភាពយោធា ដែលអាចកើតមានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
កិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចស្រដៀងគ្នានេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនដោយប្រធានចារកម្មយោធា អ៊ីស្រាអែល លោក Shlomi Binder ខណៈដែលប្រទេសទាំងពីរកំពុងបង្កើន ផែនការសង្គ្រោះបន្ទាន់ សម្រាប់ការប្រឈមមុខដាក់គ្នាក្នុងតំបន់ដែលអាចកើតមាន។
ទីក្រុងតេអេរ៉ង់ បានគំរាមថា ខ្លួននឹងសងសឹកដោយការវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាមេរិក និងគោលដៅអ៊ីស្រាអែល ក្នុងករណីដែលសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
