ករណីធ្លាក់យន្តហោះ ដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ មានអ្នកស្លាប់ ២៩ នាក់
មូស្គូ៖ សមាជិកក្រុមយន្តហោះចំនួន ៦ នាក់ និងអ្នកដំណើរចំនួន ២៣ នាក់បានស្លាប់ នៅពេលដែលយន្តហោះ ដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ីបានធ្លាក់នៅឧបទ្វីបគ្រីមៀ នេះបើយោងតាមការបញ្ជាក់ ពីក្រសួងការពារជាតិរុស្ស៊ី ។
ប្រភពមួយនៅកន្លែងកើតហេតុបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា យន្តហោះនេះបានបុកជាមួយច្រាំងថ្មចោទ ហេីយអ្នកនៅលេីយន្ដហោះចំនួន ២៩នាក់បានស្លាប់បាត់បង់ជីវិត។
ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងកាលពីយប់ថ្ងៃអង្គារថា យន្តហោះ An-26 បានបាត់បង់ការទាក់ទង ក្នុងអំឡុងពេលហោះហើរ តាមកាលវិភាគលើឧបទ្វីបគ្រីមៀ។
យោងតាមព័ត៌មានបឋម ការធ្លាក់នេះបណ្តាលមកពីបញ្ហាបច្ចេកទេស ហើយគ្មានការបាញ់ប្រហារណាមួយ ដែលវាយប្រហារយន្តហោះនោះទេ៕
