មធ្យោបាយយោធាតែមួយមុខ មិនអាចដោះស្រាយវិបត្តិ នៅច្រកសមុទ្រហ័រមូស បាននោះទេ
ឡុងដ៍៖ អគ្គលេខាធិការ នៃអង្គការសមុទ្រអន្តរជាតិ (IMO) លោក Arsenio Dominguez បានឧ្យដឹងថា ស្ថានភាពនៅច្រកសមុទ្រហ័រមូស តម្រូវឱ្យមានការបន្ធូរបន្ថយភាព តានតឹង ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តយោធាតែមួយមុខ នឹងមិនដំណើរការនោះទេ ហើយដំណោះស្រាយ សមុទ្រជាក់ស្តែងគឺត្រូវការ ដើម្បីដោះស្រាយវិបត្តិនេះ។
យោងតាមសន្និសីទសារព័ត៌មាន ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ IMO លោក Dominguez បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងចូលរួមកិច្ចប្រជុំអនឡាញ ស្តីពីស្ថានភាពនៅច្រកសមុទ្រហ័រមូស ដែលរៀបចំដោយការិយាល័យការបរទេស សហព័ន្ធ និងអភិវឌ្ឍន៍អង់គ្លេស ដោយមានរដ្ឋមន្ត្រីការបរទេសមកពីជាង ៤០ប្រទេសចូលរួម ។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំ លោក Dominguez បានជម្រាបជូនអ្នកចូលរួមអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ IMO។ លោកបានជំរុញ ឱ្យរដ្ឋនានាគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាបាននូវការជម្លៀសនាវិកប្រហែល ២០០០០នាក់ ដែលជាប់គាំងនៅក្នុងឈូងសមុទ្រពែក្ស និងដើម្បីបើកច្រករបៀងមនុស្សធម៌ សម្រាប់ជំនួយបន្ទាន់។
បន្ទាប់ពីកិច្ចប្រជុំ លោក Dominguez បានលេីកឡេីងថា ការឆ្លើយតបដែលបែកបាក់លែងគ្រប់គ្រាន់ ដើម្បីដោះស្រាយវិបត្តិទៀតហើយ។ លោកបានកត់សម្គាល់ថា “អ្វីដែលត្រូវការជាបន្ទាន់ គឺការចូលរួមការទូត ដំណោះស្រាយជាក់ស្តែង និងអព្យាក្រឹត និងសកម្មភាពអន្តរជាតិ ដែលជួយសម្របសម្រួល”។
លោកបានបន្ថែមថា IMO កំពុងជំរុញក្របខ័ណ្ឌជម្លៀស តាមសមុទ្រដោយផ្អែកលើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋឆ្នេរសមុទ្រ ការធានាសន្តិសុខ និងការសម្របសម្រួលប្រតិបត្តិការ ដោយមានគោលបំណងច្បាស់លាស់ ក្នុងការដោះលែងនាវាដែលជាប់គាំង អនុញ្ញាតឱ្យមានការជម្លៀសក្រុមនាវិក ដោយសុវត្ថិភាព និងការពារគ្រោះមហន្តរាយបរិស្ថាន ៕
ប្រែសម្រួល ឈូក បូរ៉ា
