មនោគមវិជ្ជារបស់ពួកស្តាំនិយមជ្រុលជប៉ុន បាននិងកំពុងបង្កការគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ
តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលជាបុគ្គលប្រកាន់ស្តាំនិយមចូលកាន់តំណែងមក តែងតែបង្ហាញពីចរិតពួកស្តាំនិយមដែលមានទំនោរទៅរកយោធូបនីយកម្មនិងចក្រពត្តិនិយម។ ពីការជ្រៀតជ្រែងក្នុងបញ្ហាតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយអះអាងថា ប្រសិនបើតំបន់ដីគោកប្រទេសចិនប្រើកម្លាំងអាវុធចំពោះតំបន់តៃវ៉ាន់ នោះជប៉ុននឹង«មិនឱបដៃឈរមើល»ទេ ព្រោះវាទាក់ទិននឹង«ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត»របស់ជប៉ុន រហូតដល់ការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដាក់បញ្ចូលកងស្វ័យការពារទៅក្នុងរដ្ឋធម្មនុញ្ញ សុទ្ធតែបង្ហាញពីមហិច្ឆតារបស់លោកស្រី Sanae Takaichi ដែលចង់អូសទាញជប៉ុនឱ្យវិលត្រឡប់ទៅរកផ្លូវយោធានិយមដូចសម័យសង្គ្រាមលោកលើកទី២ ។

អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង គឺកាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីកងស្វ័យការពារជប៉ុនម្នាក់បានកាន់កាំបិតផ្លោះរបងសម្រុកចូលស្ថានទូតចិនប្រចាំនៅជប៉ុន ហើយគំរាមកំហែងសម្លាប់មន្ត្រីនិងបុគ្គលិកការទូតចិន ដែលជាទង្វើមានចរិតអាក្រក់មិនធ្លាប់មានក្នុងទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។ បន្ទាប់ពីត្រូវបានចាប់ខ្លួន ជនល្មើសបាននិយាយដោះសាថា «ចង់ជួបនិយាយការជាមួយមន្ត្រីទូតចិន» ដែលជាលេសគួរឱ្យហួសចិត្តនិងអស់សំណើច ហើយក៏ជាសញ្ញាដ៏គ្រោះថ្នាក់ដែលបង្ហាញពីគំនិតជ្រុលនិយមរបស់ពួកស្តាំនិយមជប៉ុន។
បើតាមឳពុកម្តាយរបស់ជនល្មើស កាលពីរស់នៅនិងរៀនសូត្រនៅស្រុកកំណើត បុគ្គលនេះគ្មានទង្វើជ្រុលនិយមអ្វីទេ ដូច្នេះមិនមានតម្រុយអ្វីសោះដែលថាបុគ្គលនេះហ៊ានប្រព្រឹត្តសកម្មភាពបែបនេះ។ អ្វីដែលគួរកត់សម្គាល់ គឺបុគ្គលនេះបានចូលរួមវគ្គបណ្តុះបណ្តាលកម្មាភិបាលភស្តុភាររយៈពេល៩ ខែនៅកងស្វ័យការពារ។
តើក្នុងអំឡុងពេលនោះ កងស្វ័យការពារបានបញ្ជ្រាបមនោគមវិជ្ជាអ្វីខ្លះដល់សិក្ខាកាម ទើបបុគ្គលនេះហ៊ានប្រព្រឹត្តសកម្មភាពជ្រុលនិយមដែលសំដៅចំពោះមន្ត្រីនិងបុគ្គលិកការទូតចិនបែបនេះ?
បើតាម«អនុសញ្ញាស្តីពីទំនាក់ទំនងការទូតក្រុងវីយែន» ស្ថានទូតនៃប្រទេសនីមួយៗដែលប្រចាំការនៅបរទេសគឺមានបុព្វសិទ្ធិក្នុងដែនយុត្តាធិការរបស់ខ្លួន ពោលគឺជនណាដែលមិនបានទទួលការអនុញ្ញាតហើយសម្រុកចូលតាមតែទំនើងចិត្ត គឺស្មើនឹងការរំលោភច្បាប់ការទូត។ ក្នុងករណីដែលមន្ត្រីកងស្វ័យការពារជប៉ុនកាន់កាំបិតសម្រុកចូលស្ថានទូតចិន វាមិនមែនជាករណីរដ្ឋប្បវេណីនោះទេ តែជាករណីការទូតដ៏អាក្រក់ដែលបង្កហេតុទាំងគឃ្លើនចំពោះប្រទេសចិន។
មកទល់ពេលនេះ ភាគីជប៉ុនមិនត្រឹមតែមិនបានធ្វើការសុំទោសចំពោះប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែតែងរកលេសគេចវេះពីការទទួលខុសត្រូវ។ តាមរយៈករណីនេះ គេអាចមើលឃើញថា កម្លាំងស្តាំនិយមនិងយោធានិយមរបស់ជប៉ុនបាននិងកំពុងសំងំរកឱកាសដើម្បីវិលត្រឡប់មកវិញ ហើយមនោគមវិជ្ជារបស់ពួកគេបានបញ្ជ្រាបចូលទៅក្នុងគ្រប់វិស័យនៃសង្គមជប៉ុន។
គេអាចគិតប្រមើលបានថា ប្រសិនបើថ្នាក់ដឹកនាំជប៉ុនប្រកាន់គំនិតយោធូបនីយកម្ម ហើយកងទ័ពជប៉ុនសុទ្ធតែត្រូវបានបញ្ជ្រាបដោយមនោគមវិជ្ជាចក្រពត្តិនិយមឬហ្វាស៊ីសនិយម នោះសហគមន៍អន្តរជាតិនឹងត្រូវប្រឈមមុខជាថ្មីម្តងទៀតជាមួយក្រុមល្មោភសង្គ្រាមដែលបង្កការបំផ្លិចបំផ្លាញចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី២ ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចការពារជាតិរបស់ជប៉ុនបាននិងកំពុងវិវត្តពីការការពារទៅជាការត្រៀមវាយប្រហារ។ ថវិកាការពារជាតិរបស់ជប៉ុនបានកើនឡើងរយៈពេល១៤ ឆ្នាំជាប់ៗគ្នា ជាពិសេសក្នុងឆ្នាំ២០២៦ បានឡើងដល់៥.៧៩ ម៉ឺនលានដុល្លារអាមេរិក ដែលលើសពីអត្រា២% នៃផលិតផលក្នុងស្រុកសរុប សម្រាប់ការគាំទ្រដល់ការពង្រីកសព្វាវុធ។ ការធ្វើយោធូបនីយកម្មរបស់ជប៉ុនបានប្រែពីការគិតទុកក្លាយទៅជាការគាំទ្រដោយថវិកាជាតិ ដែលមានន័យថា ជប៉ុនអាចនឹងប្រើប្រាស់កម្លាំងអាវុធគ្រប់ពេលចំពោះប្រទេសជិតខាងដែលមិនឈរនៅជាមួយខ្លួនឬទន់ខ្សោយជាងខ្លួន។
សង្គ្រាមលោកលើកទី២ ដែលបង្កឡើងដោយពួកហ្វាស៊ីសនិយមបានបន្សល់ទុកនូវគ្រោះមហន្តរាយសម្រាប់មនុស្សជាតិ ដែលមកទល់បច្ចុប្បន្ននេះ ស្នាមរបួសនៅមិនទាន់បានជាសះផង។ ប្រសិនបើអនុញ្ញាតឱ្យពួកចក្រពត្តិនិយមងើបឡើងវិញ នោះពិភពលោកនឹងត្រូវធ្លាក់ចូលនៅក្នុងស្រមោលអន្ធការនៃសង្គ្រាមលោកម្តងទៀត ហើយភពផែនដីនឹងត្រូវខ្ទេចខ្ទាំមិនអាចសង្គ្រោះបានទៀតឡើយ។ អ្វីដែលអាចជួយភពផែនដីនិងមនុស្សជាតិយើងឱ្យចៀសផុតពីការបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាមនិងមហិច្ឆតារបស់ពួកចក្រពត្តិនិយម គឺមានតែការរួបរួមកម្លាំងគ្នាដើម្បីគាំពារពហុភាគីនិយម គាំពារធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព និងខិតខំទប់ស្កាប់រាល់សកម្មភាពងើបឡើងវិញនៃពួកចក្រពត្តិនិយម៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
