វៀតណាម មានមហិច្ឆតាចាក់ដីចូលសមុទ្រ ដើម្បីសាងសង់កោះសិប្បនិម្មិតនៅកោះភូគុក
បរទេស៖ ខេត្តអានយ៉ាងរបស់ប្រទេសវៀតណាម កំពុងជំរុញផែនការដើម្បីចាក់ដីចូលសមុទ្រប្រហែល ៤.៥០០ ហិកតា និងសាងសង់កោះសិប្បនិម្មិតតាមបណ្តោយឆ្នេរសមុទ្រនៃភាគនិរតីរបស់ខ្លួន ដែលជាកិច្ចខិតខំប្រឹងប្រែងចាក់ដីចូលសមុទ្រដ៏មហិច្ឆតាបំផុតរបស់ប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា គម្រោងនេះគ្របដណ្តប់លើចង្កោមចំនួនបួនដែលលាតសន្ធឹងពីកោះភូគុក ដែលជាកោះធំបំផុតរបស់ប្រទេសវៀតណាម និងជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយ ទៅកាន់ទីក្រុងឆ្នេរសមុទ្រហាទៀន និងរ៉ាចយ៉ា នៅលើឈូងសមុទ្រថៃ។
ថ្នាក់ដឹកនាំខេត្តបានជួបជាមួយអ្នកប្រឹក្សាយោបល់ផ្នែកផែនការនៅថ្ងៃទី ១ ខែមេសា និងបានដឹកនាំនាយកដ្ឋាននានាឱ្យបញ្ចប់ផែនការកំណត់តំបន់ដោយមានគោលបំណងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៧ ហើយការវិនិយោគនឹងបន្តដល់ឆ្នាំ ២០៥០។
ខេត្តអានយ៉ាងត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ ២០២៥ ពីការរួមបញ្ចូលគ្នានៃអតីតខេត្តអានយ៉ាង និងខេត្តគៀនយ៉ាង ក្រោមការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលទូទាំងប្រទេស ដោយផ្តល់ឱ្យខេត្តថ្មីនូវការគ្រប់គ្រងលើផ្នែកធំមួយនៃឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសវៀតណាម។
ចង្កោមធំបំផុត ដែលគ្របដណ្តប់លើផ្ទៃដី ២.៣០០ ហិកតានៅជុំវិញកោះភូគុក និងប្រជុំកោះថូចូវ ត្រូវបានគ្រោងទុកជាតំបន់កម្សាន្តរួមបញ្ចូលគ្នាទ្រង់ទ្រាយអន្តរជាតិ ជាមួយនឹងតំបន់ពាណិជ្ជកម្មសេរី រមណីយដ្ឋានប្រណីត ឧទ្យានកម្សាន្ត ទីលានវាយកូនហ្គោល និងកន្លែងទេសចរណ៍សមុទ្រ។ អាជ្ញាធរខេត្តចង់ឱ្យវាក្លាយជាច្រកទ្វារសំខាន់របស់ភាគខាងត្បូងវៀតណាមសម្រាប់អ្នកទេសចរអន្តរជាតិ។
ប្រែសម្រួលៈ ណៃ តុលា
