ព័ត៌មានអន្តរជាតិ

ទស្សនាវដ្តី Forbes៖ មហាសេដ្ឋីវៀតណាម គឺលោក Pham Nhat Vuong វ៉ាដាច់មហាសេដ្ឋីឥណ្ឌូនេស៊ី ក្លាយជាអ្នកមានបំផុតនៅអាស៊ី

បរទេស៖ មហាសេដ្ឋីវៀតណាម គឺលោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup បានវ៉ាដាច់មហាសេដ្ឋីឥណ្ឌូនេស៊ី Prajogo Pangestu ដោយក្លាយជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៤,៥ ពាន់លានដុល្លារអាមេរិក , នេះបើយោងតាមទស្សនាវដ្តី Forbes។

គិតត្រឹមថ្ងៃអាទិត្យ ទស្សនាវដ្តី Forbes បានដាក់លោក Vuong ជាប់ចំណាត់ថ្នាក់ទី ១០០ ក្នុងបញ្ជីអ្នកមានបំផុតទូទាំងពិភពលោក ខណៈដែលលោក Pangestu ជាប់ចំណាត់ថ្នាក់ទី ១៣៨។

ក្នុងរយៈពេលបីខែចុងក្រោយនេះ ទ្រព្យសម្បត្តិរបស់លោក Pangestu បានធ្លាក់ចុះពីជាង ៤៤ ពាន់លានដុល្លារ មកត្រឹម ១៨,៦ ពាន់លានដុល្លារ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះ ៦០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Barito Pacific របស់គាត់ បន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីកាលពីខែមករាបានសួរអំពីតម្លាភាពនៃទីផ្សារភាគហ៊ុនក្នុងស្រុក និងតម្លៃពិតនៃភាគហ៊ុនរបស់សាជីវកម្មធំៗ។

ចាប់តាំងពីដើមឆ្នាំមក ទ្រព្យសម្បត្តិរបស់លោក Vuong បានថយចុះជិត ៤ ពាន់លានដុល្លារ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup ដែលបានឈានដល់កម្រិតកំពូលកាលពីឆ្នាំមុន។

អ្នកជំនួញ និងក្រុមគ្រួសាររបស់គាត់បច្ចុប្បន្នកាន់កាប់ភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Vingroup ដោយមានភាគហ៊ុនសរុបប្រហែល ៦៥%។ គាត់ផ្ទាល់មានភាគហ៊ុនប្រហែល ១០,០៥% នៃដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន។

ប្រែសម្រួលៈ ណៃ តុលា

To Top