ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តចិន បើកការស៊ើបអង្កេតទៅលើ អតីតមេដឹកនាំស៊ីនជាំង លោក Ma Xingrui

បរទេស៖ ស្ថាប័នវិន័យសម្រាប់បក្ស កុម្មុយនិស្តចិនបានឱ្យកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់អតីតប្រធានបក្ស នៅស៊ីនជាំងគឺលោក Ma Xingrui ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទសង្ស័យថា បានរំលោភបំពានលើវិន័យ និងច្បាប់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក Ma Xingrui  គឺជាសមាជិក នៃគណៈកម្មាធិការកណ្តាលបក្ស និងបានបម្រើការជាលេខាធិការបក្ស នៃតំបន់ស៊ីនជាំង នៅភាគពាយ័ព្យប្រទេសចិន ចាប់ពីឆ្នាំ២០២១-២០២៥ ។ ពីមុនលោកក៏ធ្លាប់បម្រើការ ជានាយកគណៈកម្មការ កិច្ចការជនជាតិភាគតិចជាតិ និងជាអនុប្រធានបក្ស នៅខេត្តក្វាងទុងផងដែរ។

គេមិនច្បាស់ទេថា ការរំលោភបំពានអ្វីខ្លះដែលលោក Ma Xingrui ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនោះទេ។ លោក Ma Xingrui គឺជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់ដែលត្រូវបានដកចេញពីអំណាចនៅឆ្នាំនេះ។ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានដកឧត្តមសេនីយ៍កំពូលដែលទទួលបន្ទុកយោធារបស់ប្រទេសនេះចេញកាលពីខែមករាផងដែរ។

លោក Ma Xingrui ត្រូវបានជំនួស ដោយលោក Chen Xiaojiang កាលពីខែកក្កដាឆ្នាំមុន ក្នុងនាមជាប្រធានបក្ស នៅស៊ីនជាំង ដែលជាតំបន់មួយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅលើឆាកអន្តរជាតិសម្រាប់យុទ្ធនាការឃុំខ្លួន ក្រៅប្រព័ន្ធតុលាការអស់រយៈពេលជាច្រើនឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top