ព័ត៌មានអន្តរជាតិ

វៀតណាមប្តូរនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីនាយករដ្ឋមន្រ្តីមុន គឺលោក ផាម មិញឈីញ ចុះចេញពីតំណែង

បរទេស៖ រដ្ឋសភាវៀតណាមបានអនុម័តសេចក្តីសម្រេចមួយនៅរសៀលថ្ងៃអង្គារ ដោយជ្រើសរើសលោក ឡេ មិញហ៊ុង ប្រធានគណៈកម្មការរៀបចំការនៃគណៈកម្មាធិការកណ្តាលបក្ស ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក ឡេ មិញហ៊ុង គឺជាប្រធានទី២នៃគណៈកម្មការរៀបចំដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី និងជាមនុស្សទី១០ ដែលដឹកនាំរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៤៥។

អ្នកកាន់តំណែងមុនរបស់លោក គឺលោក ផាម មិញឈីញ បានបញ្ចប់អាណត្តិរបស់លោក និងបានចុះចេញពីតំណែង។

លោក ឡេ មិញហ៊ុង អាយុ ៥៦ឆ្នាំ ជាអ្នកខេត្តហាទិញ ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម មានសញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ សញ្ញាបត្របរិញ្ញាបត្រផ្នែកគោលនយោបាយសាធារណៈ និងសញ្ញាបត្របរិញ្ញាបត្រផ្នែកភាសាបារាំង។

លោកជាសមាជិកនៃការិយាល័យនយោបាយរយៈពេលពីរអាណត្តិ (អាណត្តិទី១៣ និងទី១៤) ជាសមាជិកនៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្សរយៈពេលពីរអាណត្តិ (អាណត្តិទី១៣ និងទី១៤) ជាសមាជិកនៃគណៈកម្មាធិការកណ្តាលបក្សរយៈពេលបីអាណត្តិ (អាណត្តិទី១២ ដល់ទី១៤) និងជាអនុប្រធានរដ្ឋសភារយៈពេលពីរអាណត្តិ (អាណត្តិទី១៥ និងទី១៦)។

នៅឆ្នាំ១៩៩៣ លោកបានចាប់ផ្តើមអាជីពរបស់លោកនៅនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃធនាគាររដ្ឋវៀតណាម ដោយដោះស្រាយបញ្ហាទាក់ទងនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top