ព័ត៌មានអន្តរជាតិ

​ បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ គ្រប​ដណ្តប់​គ្រប់ទីកន្លែង​ រួមទាំងប្រទេស លីបង់ផងដែរ

អ៊ីស្លាម៉ាបាដ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសនៅថ្ងៃពុធនេះថា បទឈប់បាញ់ជាបន្ទាន់មួយត្រូវបានព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេ ដោយថា​ វាអនុវត្តគ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងនៅព្រឹកថ្ងៃពុធថា អាស្រ័យលើការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងការពិចារណាលើដែនកំណត់បច្ចេកទេស ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមូស នឹងអាចធ្វើទៅបាន​ សម្រាប់រយៈពេលពីរសប្តាហ៍។

លោក Araghchi បានធ្វើការកត់សម្គាល់នេះ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការប្រកាសអំពីបទឈប់បាញ់ បណ្តោះអាសន្នមុននេះបន្តិចរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោកបានលេីកឡេីងថា ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់​ ត្រូវបានបញ្ឈប់ «កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់​ នឹងបញ្ឈប់ប្រតិបត្តិការការពាររបស់ពួកគេ»។

លោក Araghchi បានសម្ដែងការកោតសរសើរ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងប្រធានសេនាធិការកងទ័ពលោក Asim Munir ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ពួកគេ​ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់។

ដោយឡែកពីគ្នា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់​ បានឧ្យដឹងនៅព្រឹកថ្ងៃពុធថា ប្រទេសនេះបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកផែនការ ១០ចំណុចរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top