អ៊ីរ៉ង់ បញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្ន មិនមានន័យថា បញ្ចប់សង្គ្រាមនោះទេ
តេអេរ៉ង់៖ អ៊ីរ៉ង់បានបញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្នជាមួយអាមេរិករយៈពេល ២សប្ដាហ៍ មិនមានន័យថាបញ្ចប់សង្គ្រាមនោះទេ ដោយរង់ចាំការចរចាលើព័ត៌មានលម្អិត នៃផែនការ ១០ ចំណុចរបស់ខ្លួន។
វានៅតែស្ថិតក្នុងចម្ងល់នៅឡេីយ ថាតេីសង្គ្រាមនៅមជ្ឈឹមបូព៌ា នឹងឈានទៅរកការបញ្ចប់ឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ រយៈពេលពីរសប្តាហ៍។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តរបស់លោកគឺ អាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ ចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព។
លោក ត្រាំ បានលេីកឡេីងថា «ហេតុផលសម្រាប់ការធ្វើដូច្នេះគឺថា យើងបានសម្រេច និងលើសពីគោលបំណងយោធាទាំងអស់រួចហើយ ហើយនៅឆ្ងាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់ ទាក់ទងនឹងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា»។
លោកបានបន្ដថា «យើងបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋានដែលអាចដំណើរការបានសម្រាប់ចរចា»។ លោក ត្រាំ បានពិពណ៌នាអំពីការផ្អាករយៈពេលពីរសប្តាហ៍ថាជាបទឈប់បាញ់ទ្វេភាគី។
សំណើបទឈប់បាញ់នេះត្រូវ បានផ្តល់ដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ ដោយមានគោលបំណងផ្តល់ ពេលវេលាសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។
នៅថ្ងៃអង្គារ លោក សារីហ្វ បានអំពាវនាវដល់លោក ត្រាំ នៅក្នុងសារមួយនៅលើបណ្ដាញសង្គម X ឲ្យពន្យារពេលកំណត់ដែលលោក ត្រាំ កំណត់សម្រាប់អ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយរយៈពេលពីរសប្តាហ៍ ហើយក៏បានស្នើសុំឲ្យអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស សម្រាប់រយៈពេលពីរសប្តាហ៍ដែលត្រូវគ្នាជាកាយវិការសុច្ឆន្ទៈ៕
