ក្រសួងការបរទេសចិន៖ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ និងធ្វើពហិការយ៉ាងដាច់ខាតចំពោះសកម្មភាពដ៏គឃ្លើននៃ “យោធានិយមបែបថ្មី” របស់ជប៉ុន
ថ្ងៃទី ៧ ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានលើកសំណួរអំពីការដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិ នៅខែមេសានេះ ។
លោកស្រី Mao Ning បានឆ្លើយតបថា ប្រទេសចិនបានកត់សម្គាល់អំពីរឿងនេះហើយ ។ បញ្ញវន្តអន្តរជាតិនិងឥស្សរជនរបស់ជប៉ុនជាច្រើនរូបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនេះ ហើយសម្គាល់ឃើញថា ការណ៍នេះជាសញ្ញាកត់សម្គាល់នៃការប្រែប្រួលពីឫសគល់នៃគោលនយោបាយនាំចេញអាវុធរបស់ជប៉ុនក្រោយសង្រ្គាមលោកលើកទីពីរ ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងការកំណត់ក្នុងឯកសារដែលមានប្រសិទ្ធភាពផ្នែកច្បាប់អន្តរជាតិ ដូចជា«សេចក្តីប្រកាស Cairo» និង»សេចក្តីប្រកាស Potsdam» និង«ឯកសារសុំចុះចាញ់របស់ជប៉ុន»ជាដើម ក៏ដូចជាបានបំពានយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញនិងបទប្បញ្ញតិ្តមានស្រាប់នៃប្រទេសជប៉ុន ហើយបានបំផ្លាញដល់ការធានាជាលក្ខណៈរបបដើម្បីទប់ស្កាត់កុំឱ្យយោធានិយមរបស់ជប៉ុនងើបឡើងវិញ ។
លោកស្រី Mao Ning បានលើកឡើងថា ការដែលជប៉ុនពន្លឿន “ការធ្វើយោធូបនីយកម្មឡើងវិញ” ជាការពិតជាក់ស្តែង ដែលមានផែនទីបង្ហាញផ្លូវនិងសកម្មភាពជាក់ស្តែង ហើយបាននិងកំពុងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ និងធ្វើពហិការយ៉ាងដាច់ខាតចំពោះសកម្មភាពដ៏គឃ្លើននៃ “យោធានិយមបែបថ្មី”របស់ជប៉ុន ៕
