ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ រិះគន់អង្គការណាតូ​ ជាថ្មីម្តងទៀត​ ចំពោះការមិនជួយអ្វីសោះ ដល់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ បានរិះគន់អង្គការណាតូ​ ជាថ្មីម្តងទៀត​ ចំពោះការមិនជួយអ្វីសោះដល់សហរដ្ឋអាមេរិក​ ដោយបានលេីកឡេីងថា​ “ណាតូ មិននៅទីនោះទេនៅពេលដែលយើងត្រូវការពួកគេ ហើយពួកគេនឹងមិននៅទីនោះទេ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត” ។

ការកត់សម្គាល់របស់លោកបានកើតឡើង នៅពេលដែលប្រធានអង្គការណាតូ លោក Mark Rutte បានមកដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ដំណើរទស្សនកិច្ចមួយ​ ដែលមានគោលបំណងជួសជុលសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក​ ដែលកំពុងដួលរលំ។

នៅក្នុងសារលេីបណ្ដាញសង្គម Truth Social បន្ទាប់ពីការសន្ទនាជាមួយលោក​ Mark Rutte នៅសេតវិមាន លោក​ ដូណាល់​ ត្រាំ​ ក៏បានឧ្យដឹងផងដែរថា “ចងចាំ Greenland ជាបំណែកទឹកកកដ៏ធំ និងដំណើរការមិនល្អនោះទេ!”។

ថ្លែងទៅកាន់ CNN លោក Mark Rutte បានទទួលស្គាល់ថា លោក​ ត្រាំ​ “ច្បាស់ជាខកចិត្តចំពោះសម្ព័ន្ធមិត្តណាតូ ជាច្រើន” ដោយពណ៌នាអំពីកិច្ចពិភាក្សាថា “ស្មោះត្រង់ និងបើកចំហរណាស់”។

ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់​ បានចាប់ផ្តើម លោក ត្រាំ បានទាមទារឱ្យសម្ព័ន្ធមិត្តណាតូ​ ចូលរួមជាមួយសហរដ្ឋអាមេរិក​ ដើម្បីបើកច្រកសមុទ្រហ័រមូស ប៉ុន្តែសំណេីនោះត្រូវបានបដិសេធ។

ប្រទេសនៅអឺរ៉ុប​ ដូចជាអេស្ប៉ាញ និងអ៊ីតាលីថែមទាំងបានបដិសេធមិនឱ្យយោធាសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាសរបស់ពួកគេថែមទៀតផង​ ដែលធ្វើឲ្យលោក ដូណាល់​ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះអង្គការណាតូ​ ចំពោះការបរាជ័យក្នុងការជួយ សហរដ្ឋអាមេរិកក្នុងសង្គ្រាម ហើយបានគំរាមចាកចេញពីសម្ព័ន្ធភាពសន្ធិសញ្ញានេះ៕

To Top