លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ ៥០ភាគរយ លើប្រទេស ដែលផ្តល់អាវុធដល់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយអ៊ីរ៉ង់ លើការបន្ធូរបន្ថយពន្ធ និងទណ្ឌកម្ម ខណៈពេលដែលក៏គំរាមដំឡើងពន្ធ ៥០ភាគថយ លើប្រទេសណាមួយ ដែលផ្គត់ផ្គង់អាវុធដល់ទីក្រុងតេអេរ៉ង់ ។
លោក ត្រាំ បានឧ្យដឹងនៅលើគណនី Truth Social របស់លោកថា «សហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដែលយើងបានកំណត់ថា នឹងឆ្លងកាត់អ្វីដែលនឹងក្លាយជាការផ្លាស់ប្តូរ របបដ៏មានផលិតភាពមួយ!»។
លោកបានលេីកឡេីងថា «នឹងមិនមានការកើនឡើងនៃសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ» ហើយសហរដ្ឋអាមេរិក នឹងសហការជាមួយអ៊ីរ៉ង់ ដើម្បីជីកកកាយ និងយកធូលីនុយក្លេអ៊ែរដែលកប់ជ្រៅចេញទាំងស្រុង»។
លោកបានកត់សម្គាល់ថា ផ្នែកជាច្រើននៃផែនការឈប់បាញ់ ១៥ ចំណុចដែលស្នើឡើងដោយសហរដ្ឋអាមេរិក ត្រូវបានព្រមព្រៀងគ្នារួចហើយ។
ប៉ុន្មាននាទីក្រោយមក នៅក្នុងការបង្ហោះដាច់ដោយឡែកមួយ លោក ត្រាំ បានគំរាមដំឡើងពន្ធ ៥០ភាគរយ និងមានប្រសិទ្ធភាពភ្លាមៗលើប្រទេសណាមួយ ដែលផ្គត់ផ្គង់អាវុធយោធាដល់អ៊ីរ៉ង់ ហេីយនឹងមិនមានករណីលើកលែង ឬការលើកលែងណាមួយឡើយ។
នៅថ្ងៃអង្គារ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍។ ភាគីទាំងពីរត្រូវបានគ្រោង នឹងចាប់ផ្តើមការចរចានៅរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រ។
ដើម្បីឆ្លើយតបទៅនឹងផែនការ ឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេអេរ៉ង់ បានដាក់ចេញនូវសំណើ ១០ ចំណុច ដែលរួមមានការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ដើម្បីធានាថា គ្មានសកម្មភាពឈ្លានពានបន្ថែមទៀតទេ ការបន្តគ្រប់គ្រង ច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ ការទទួលយកសិទ្ធិចម្រាញ់ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការលើកលែងទណ្ឌកម្មជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា
