កងកម្លាំង IRGC អ៊ីរ៉ង់ព្រមានពីការឆ្លើយតប ប្រសិនបើអ៊ីស្រាអែលបន្ដលីបង់
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ប្រសិនបើអ៊ីស្រាអែលមិនឈប់វាយប្រហារប្រទេសលីបង់ភ្លាមៗទេនោះ ខ្លួននឹងទទួលបានការឆ្លើយតបដែលបង្កការសោកស្តាយ។
ខ្លួនបានធ្វើការប្រកាសនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News បន្ទាប់ពីយោធាអ៊ីស្រាអែល បានវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ ដោយសម្លាប់ និងរបួសរាប់រយនាក់ ទោះបីជាមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។
កងកម្លាំង IRGC បានឧ្យដឹងថា ខណៈពេលដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះចាប់តាំងពីការប្រកាសអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ អ៊ីស្រាអែលបានចាប់ផ្តើម “ការសម្លាប់រង្គាលយ៉ាងឃោរឃៅ” នៅក្នុងប្រទេសលីបង់ ដោយព្រមានថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនឹងឆ្លើយតបដែលបង្កការសោកស្តាយ ប្រសិនបើការវាយប្រហារមិនត្រូវបានបញ្ឈប់ភ្លាមៗ។
ដោយថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “លក្ខខណ្ឌបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺច្បាស់លាស់ សហរដ្ឋអាមេរិកត្រូវតែជ្រើសរើសបទឈប់បាញ់ ឬបន្តសង្គ្រាមតាមរយៈអ៊ីស្រាអែល វាមិនអាចមានទាំងពីរបានទេ”។
រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃពុធនៅទូទាំងប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៤ នាក់ និងរបួស ១.១៦៥ នាក់ផ្សេងទៀត ដោយមានសង្កាត់ ដែលមានប្រជាជនរស់នៅច្រើនកុះករនៅក្នុងរដ្ឋធានីបេរូត ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតដែលផ្តល់ដោយក្រសួងការពារជាតិស៊ីវិលលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា
