ជម្លោះនៅមជ្ឈិមបូព៌ា បង្កបញ្ហាប្រឈមចំពោះភាពធន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ម៉ានីល៖ ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា បានធ្វើឱ្យហានិភ័យភូមិសាស្ត្រនយោបាយសកលកាន់តែធ្ងន់ធ្ងរឡើង និងបង្កើនហានិភ័យអវិជ្ជមាន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃសុក្រ។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៦ បានព្យាករណ៍ថា ក្រោមសេណារីយ៉ូស្ថិរភាពដំបូង កំណើនក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងថយចុះមកត្រឹម ៥,១ ភាគរយ ទាំងនៅឆ្នាំ២០២៦ និង ២០២៧ ធៀបនឹង ៥,៤ ភាគរយនៅឆ្នាំ២០២៥។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការរំខាននៅមជ្ឈិមបូព៌ានៅតែបន្តរហូតដល់ត្រីមាសទី៣ នៃឆ្នាំ២០២៦ កំណើននេះអាចថយចុះមកត្រឹម ៤,៧ ភាគរយនៅឆ្នាំ២០២៦ និង ៤,៨ ភាគរយនៅឆ្នាំ២០២៧។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានឧ្យដឹងថា តម្លៃថាមពលខ្ពស់នឹងបង្កើនថ្លៃដើមផលិតកម្ម និងតម្លៃអ្នកប្រើប្រាស់ ខណៈដែលកំណើននាំចេញនឹងមានលក្ខណៈធម្មតាវិញ បន្ទាប់ពីការផ្ទុកទំនិញជាមុនកាលពីឆ្នាំមុន មុនពេលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
លោកបានព្រមានថា ការរំខានជាបន្តបន្ទាប់កាន់តែច្រើននឹងធ្វើឱ្យស្ថានភាពអតិផរណាកាន់តែអាក្រក់ទៅៗ និងធ្វើឱ្យប៉ះពាល់ដល់កំណើននៅទូទាំងតំបន់។
យោងតាមការព្យាករណ៍របស់ ADB ក្រោមសេណារីយ៉ូស្ថេរភាពដំបូង អតិផរណាត្រូវបានព្យាករថានឹងមានចំនួន ៣,៦ភាគរយនៅឆ្នាំ២០២៦ និង ៣,៤ ភាគរយនៅឆ្នាំ២០២៧ ដែលកើនឡើងពី ៣ភាគរយនៅឆ្នាំ២០២៥។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តរហូតដល់ត្រីមាសទី៣ នៃឆ្នាំ២០២៧ អតិផរណានឹងកើនឡើងដល់ ៥,៦ភាគរយនៅឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
