លោក ដូណាល់ ត្រាំ គំរាមអ៊ីរ៉ង់ ជុំវិញការយកថ្លៃដឹកជញ្ជូនប្រេងនៅច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអ៊ីរ៉ង់ឱ្យឈប់គិតថ្លៃដល់នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រសិនបើប្រទេសនេះកំពុងធ្វើដូច្នេះ។
លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “មានរបាយការណ៍ថា អ៊ីរ៉ង់កំពុងគិតថ្លៃដល់នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ពួកគេមិនគួរធ្វើទេ ហើយប្រសិនបើពួកគេធ្វើ ពួកគេគួរតែឈប់ឥឡូវនេះ!”។
មួយថ្ងៃមុននេះ លោក ដូណាល់ ត្រាំ បានប្រាប់ ABC News ថា លោកកំពុងថ្លឹងថ្លែងដើម្បីបង្កើត “ក្រុមហ៊ុនរួមគ្នា” ជាមួយអ៊ីរ៉ង់ ដើម្បីគិតថ្លៃពីនាវា ដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ ដែលប្រេងប្រហែល ២០ភាគរយនៃពិភពលោកត្រូវបានដឹកជញ្ជូន ដោយហៅវាថា “ជារឿងដ៏ល្អបំផុត”។
លោកក៏បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា “ប្រាក់ច្រើន” អាចរកបានដោយសហរដ្ឋអាមេរិក “ជួយជាមួយនឹងការកកស្ទះចរាចរណ៍នៅច្រកសមុទ្រហ័រមូស។
យោងតាមរបាយការណ៍មួយពីកាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់ទាមទារឱ្យកប៉ាល់ដឹកប្រេងបង់ថ្លៃដឹកជញ្ជូនចំនួន ១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល សម្រាប់ការឆ្លងកាត់ច្រកសមុទ្រនេះ។
ចរាចរណ៍ផ្លូវទឹកនៅក្នុងច្រកសមុទ្រនៅតែមានកម្រិតទាប។
ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ត្រូវបានឈានដល់នៅថ្ងៃអង្គារ កប៉ាល់ដឹកប្រេងមិនមែនរបស់អ៊ីរ៉ង់ចំនួនពីរគ្រឿងត្រូវបានតាមដានឆ្លងកាត់ច្រកសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា
