មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក្នុងពេលមានបទឈប់បាញ់ដែលផុយស្រួយ
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ចំពេលមានបទឈប់បាញ់ដែលផុយស្រួយដោយសារការមិនចុះសម្រុងគ្នាយ៉ាងជ្រាលជ្រៅ និងការប្រយុទ្ធគ្នាឥតឈប់ឈរនៅក្នុងប្រទេសលីបង់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា យោងតាមការិយាល័យរបស់លោក Sharif និងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ គឺគណៈប្រតិភូអាមេរិកដឹកនាំដោយអនុប្រធានាធិបតី JD Vance និងគណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយប្រធានសភា Mohammad Bagher Qalibaf បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។ មិនមានការប្រកាសអំពីការចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ នោះទេ គិតត្រឹមពាក់កណ្តាលរសៀលថ្ងៃសៅរ៍។
អ៊ីរ៉ង់បានបន្ថែមលើផ្នែកខ្លះនៃសំណើមុនរបស់ខ្លួន ដោយគណៈប្រតិភូរបស់ខ្លួនបានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា ខ្លួនបានបង្ហាញគំនិតមួយចំនួននៃផែនការនេះជាបន្ទាត់ក្រហមនៅក្នុងកិច្ចប្រជុំជាមួយលោក Sharif។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានបន្តវាយប្រហារនៅក្នុងប្រទេសលីបង់ ទោះបីជាអ៊ីរ៉ង់បានកំណត់លក្ខខណ្ឌសម្រាប់ការចរចាលើការផ្អាកការប្រយុទ្ធនៅទីនោះក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់។
ប្រែសម្រួល: ណៃ តុលា
