មន្រ្តីអ៊ីរ៉ង់ថា បទឈប់បាញ់នៅលីបង់គឺជា “តម្រូវការជាមូលដ្ឋាន”
បរទេស: មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា អ៊ីរ៉ង់បានបង្ហាញពីជំហររបស់ខ្លួនទៅកាន់មន្ត្រីប៉ាគីស្ថាន ដែលកំពុងសម្របសម្រួលរវាងសាធារណរដ្ឋអ៊ីស្លាម និងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា បទឈប់បាញ់នៅលីបង់គឺជា “តម្រូវការជាមូលដ្ឋាន” ខណៈដែលគណៈប្រតិភូអ៊ីរ៉ង់បានជួបជាមួយមន្ត្រីប៉ាគីស្ថាន រួមទាំងមេបញ្ជាការកងទ័ព និងនាយករដ្ឋមន្ត្រី។
អ៊ីស្រាអែលបានបន្តវាយប្រហារលីបង់ បន្ទាប់ពីបទឈប់បាញ់កាលពីសប្តាហ៍មុនរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានប្រកាស ទោះបីជាអ្នកសម្របសម្រួលប៉ាគីស្ថានបាននិយាយថា ប្រទេសតូចមួយនៅមេឌីទែរ៉ាណេនេះគឺជាផ្នែកមួយនៃការផ្អាករយៈពេលពីរសប្តាហ៍ក៏ដោយ។
ទន្ទឹមនឹងនេះ លោក Baghaei បានពិពណ៌នាអំពីកិច្ចចរចានេះថាជា “ពេលវេលាពិសេស” សម្រាប់អ៊ីរ៉ង់ ហើយបានកំណត់ការទូតថាជា “ការបន្តការពារជាតិ និងការបន្តសង្គ្រាម”។
ប្រែសម្រួល: ណៃ តុលា
