ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់គំរាមកំហែង ទៅលើកំពង់ផែនៅមជ្ឈិមបូព៌ាវិញ បន្ទាប់ពីយោធាអាមេរិកត្រៀមដាក់ការបិទផ្លូវដឹកជញ្ជូនរបស់ខ្លួន

បរទេស៖ យោធាសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងចាប់ផ្តើមបិទផ្លូវកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ទាំងអស់នៅថ្ងៃចន្ទ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ក្នុងចលនាមួយដែលប្រថុយនឹងការជំរុញឱ្យតម្លៃប្រេងកាន់តែខ្ពស់ និងបន្តសង្គ្រាម។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា ការប្រកាសនេះបានរៀបចំឆាកសម្រាប់ការប្រឈមមុខដាក់គ្នា ខណៈដែលអ៊ីរ៉ង់បានឆ្លើយតបភ្លាមៗជាមួយនឹងការគំរាមកំហែងលើកំពង់ផែទាំងអស់នៅក្នុងឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់។

ការផ្សាយរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃចន្ទថា “គ្មានកំពង់ផែណាមួយនៅក្នុងតំបន់នឹងមានសុវត្ថិភាពនោះទេ” នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីយោធាអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា ការបិទផ្លូវនឹងចាប់ផ្តើមនៅថ្ងៃចន្ទ វេលាម៉ោង ១០ ព្រឹក ឬម៉ោង ៥:៣០ ល្ងាច នៅអ៊ីរ៉ង់ ហើយនឹងត្រូវ “អនុវត្តដោយមិនលំអៀងប្រឆាំងនឹងនាវានៃប្រទេសទាំងអស់ដែលចូល ឬចាកចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់នៅលើឈូងសមុទ្រអារ៉ាប់ (ឈូងសមុទ្រពែក្ស) និងឈូងសមុទ្រអូម៉ង់”។

កងកម្លាំង CENTCOM បាននិយាយថា ខ្លួននៅតែអនុញ្ញាតឱ្យកប៉ាល់ដែលធ្វើដំណើររវាងកំពង់ផែមិនមែនអ៊ីរ៉ង់ឆ្លងកាត់ច្រកសមុទ្រ ដែលជាជំហានមួយទាបជាងការគំរាមកំហែងពីមុនរបស់ប្រធានាធិបតីក្នុងការបិទច្រកសមុទ្រទាំងមូល៕

ប្រែសម្រួលៈ ណៃ តុលា

To Top