ការទទួលបានទំនុកចិត្តពីអ៊ីរ៉ង់ គឺជាមធ្យោបាយតែមួយគត់សម្រាប់សហរដ្ឋអាមេរិក ក្នុងការស្វែងរកច្រកចេញពីស្ថានភាពបច្ចុប្បន្ន
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា មធ្យោបាយតែមួយគត់ សម្រាប់សហរដ្ឋអាមេរិកក្នុងការស្វែងរកច្រកចេញពីស្ថានភាពបច្ចុប្បន្ន គឺការធ្វើការសម្រេចចិត្ត និងទទួលបានទំនុកចិត្តពីប្រជាជាតិអ៊ីរ៉ង់។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកយកព័ត៌មាននៅតាមផ្លូវត្រឡប់ទៅអ៊ីរ៉ង់វិញពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលលោក រួមជាមួយក្រុមអមដំណើររបស់លោក បានចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយគណៈប្រតិភូអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមបិទផ្លូវនាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រហ័រមូស បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ បរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ។
លោក ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅលើ Truth Social ថា “ចាប់ពីពេលនេះតទៅ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាកងទ័ពជើងទឹកល្អបំផុតនៅលើពិភពលោក នឹងចាប់ផ្តើមដំណើរការនៃការបិទផ្លូវនាវាទាំងអស់ដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រហ័រមូស”។
លោកបានបន្តថា “ខ្ញុំក៏បានណែនាំកងទ័ពជើងទឹករបស់យើងឱ្យស្វែងរក និងរារាំងនាវាទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ប្រាក់ឱ្យអ៊ីរ៉ង់” ដោយបន្ថែមថា “គ្មាននរណាម្នាក់ដែលបង់ប្រាក់ខុសច្បាប់នឹងមានការធ្វើដំណើរដោយសុវត្ថិភាពនៅលើសមុទ្រទេ”។
លោកបានបន្ថែមថា “យើងក៏នឹងចាប់ផ្តើមបំផ្លាញមីន ដែលអ៊ីរ៉ង់បានដាក់នៅក្នុងច្រកសមុទ្រផងដែរ”។
ស្តីពីកិច្ចចរចាសន្តិភាព លោក ត្រាំ បានឧ្យដឹងថា កិច្ចប្រជុំនេះ «បានដំណើរការទៅដោយរលូន» ដោយចំណុចភាគច្រើនបានព្រមព្រៀងគ្នា ប៉ុន្តែចំណុចតែមួយគត់ដែលពិតជាសំខាន់នោះ គឺបញ្ហាអាវុធនុយក្លេអ៊ែរ ដែលជាចំណុចសំខាន់»៕
ប្រែសម្រួល ឈូក បូរ៉ា
