បទវិភាគ៖ គំរូនៃភាពនឹងនរលើពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង៖ ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអេស្ប៉ាញអាចរីកចម្រើនទៅមុខផ្ទុយពីនិន្នាការ?
ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមេសា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញបានបំពេញទស្សកិច្ចផ្លូវការនៅប្រទេសចិនម្តងទៀត ។ នេះគឺជាដំណើរទស្សនកិច្ចជាលើកទីបួនរបស់លោកនៅប្រទេសចិនក្នុងរយៈពេល ៤ ឆ្នាំ កន្លងទៅនេះ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានសម្គាល់ឃើញថា សមិទ្ធផលទាំងនេះបានបង្កើនការកសាងទំនុកចិត្តខាងយុទ្ធសស្ត្ររវាងប្រទេសទាំងពីរដែលបានជំរុញយ៉ាងខ្លាំងដល់”ការសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងកិច្ចសហប្រតិបត្តិការជាក់ស្តែង”ទ្វេភាគី ។

ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៤ ខែមេសា មេដឹកនាំទាំងពីររូបសុទ្ធតែបានគូសបញ្ជាក់ពីពាក្យមួយគឺ ”ភាពនឹងនរខាងយុទ្ធសាស្ត្រ” ។ ឆ្នាំ ២០២៥ គឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេស្ប៉ាញ ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងខ្លាំងក្លា ហេតុអ្វីបានជាទំនាក់ទំនងរវាងប្រទេសទាំងពីរអាចរក្សាភាពនឹងនរខាងយុទ្ធសាស្ត្រនិងទទួលបានការអភិវឌ្ឍជាលំដាប់ជាប់រហូត ? ”ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ វាសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដែលសម្របទៅតាមនិន្នាការអភិវឌ្ឍន៍ទូទៅនៃយុគសម័យ” ។ ការលើកឡើងដ៏សំខាន់របស់ប្រធានរដ្ឋចិន លោក Xi Jinping នេះបានផ្តល់ជាចម្លើយ ។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការចិន-អេស្ប៉ាញ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អេស្ប៉ាញក្រៅពីសហភាពអឺរ៉ុបក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៥ ទំហំនាំចេញនាំចូលទំនិញទ្វេភាគីរវាងចិននិងអេស្ប៉ាញមានចំនួនលើសពី ៥៥ ពាន់លានដុល្លារអាមេរិកដែលបានកើនឡើង ៩,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសចិនដែលធ្វើអាជីវកម្មខាងវិស័យរថយន្តអគ្គិសនី អាគុយនិងប្រព័ន្ធផ្ទុកថាមពលជាដើមបានទៅវិនិយោគនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅប្រទេសអេស្ប៉ាញដែលបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ ដោយឡែកកសិផលនិងម្ហូបអាហារដែលប្រកបដោយគុណភាពល្អរបស់អេស្ប៉ាញមានដូចជា ប្រេងអូលីវនិងស្រាទំពាំងបាយជូរជាដើមក៏បាននាំគ្នាលេចចេញនៅលើតុអាហាររបស់ប្រជាជនចិនសាមញ្ញផងដែរ ។
មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា កាលពីឆ្នាំ ២០២៥ ប្រទេសទាំងពីរបានគ្រោងផែនការប្រតិបត្តិសម្រាប់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ(ឆ្នាំ ២០២៥-២០២៨ ) ។ ក្នុងចំណោមនោះ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងការអភិវឌ្ឍបៃតងគឺជាខ្លឹមសារដ៏សំខាន់ ។ នាពេលបច្ចុប្បន្ននេះ ប្រទេសអេស្ប៉ាញកំពុងខិតខំប្រឹងប្រែងជំរុញការបណ្តាក់ទុនប្រកបដោយគុណភាពខ្ពស់ ហើយបានផ្តោតសំខាន់លើនវានុវត្តន៍ ការបង្កើតឱកាសការងារនិងពង្រឹងឧស្សាហកម្មដែលមានលក្ខណៈជាយុទ្ធសាស្ត្រ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញបានជួបសន្ទនាជាមួយសហគ្រាសដ៏ល្បីឈ្មោះរបស់ចិនចំនួន ១០ សហគ្រាសដោយរំពឹងថា នឹងកៀរគរការវិនិយោគពីចិនកាន់តែច្រើនដើម្បីជំរុញប្រទេសអេស្ប៉ាញឱ្យកសាងប្រព័ន្ធឧស្សាហកម្មដែលកាន់តែមានកម្លាំងប្រកួតប្រជែង ។
ប្រទេសអេស្ប៉ាញគឺជារដ្ឋសមាជិកដ៏សំខាន់របស់សហភាពអឺរ៉ុប ។ ដំណើរទស្សនកិច្ចរបស់លោក Pedro Sanchez លើកនេះ បានបន្តនិន្នាការនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបនៅប្រទេសចិនយ៉ាងមមាញឹកតាំងពីចូលឆ្នាំនេះមក ។ ភាគីអេស្ប៉ាញបានអះអាងថា គាំទ្រអឺរ៉ុបនិងចិនក្នុងការបង្កើនការប្រាស្រ័យទាក់ទងនិងការយោគយល់គ្នានិងពង្រឹងកិច្ចសហប្រតិបតិ្តការ ដោយសម្គាល់ឃើញថា ការអភិវឌ្ឍប្រកបដោយភាពរឹងមាំនៃទំនាក់ទំនងរវាងអឺរ៉ុបនិងចិន វាសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់ការគំាពារសន្តិភាពនិងស្ថិរភាពពិភពលោកផងដែរ ។
ក្នុងពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំងនិងពោពេញទៅដោយភាពមិនប្រាកដប្រាជា ចិននិងអេស្ប៉ាញបានរក្សាភាពនឹងនរខាងយុទ្ធសាស្ត្រនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង វាមិនត្រឹមតែនឹងនាំមកនូវផលប្រយោជន៍និងសុខសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងរួមចំណែកជាកម្លាំងកាន់តែខ្លាំងក្លាសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ៕
