ព័ត៌មានអន្តរជាតិ

ចិន​ បញ្ជាក់ពីការត្រៀមខ្លួន​ ដើម្បីដើរតួនាទីស្ថាបនាដល់ការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ឈូងសមុទ្រ

ប៉េកាំង៖​ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង បានឧ្យដឹងថា ប្រទេសចិន​ បានត្រៀមខ្លួនរួចជាស្រេច​ ដើម្បីដើរតួនាទីស្ថាបនាបន្ថែមទៀត និងចូលរួមចំណែកដល់ការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ឈូងសមុទ្រ។

លោក លី បានធ្វើការកត់សម្គាល់នេះ នៅពេលជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Sheikh Khaled bin Mohamed bin Zayed Al Nahyan ព្រះអង្គម្ចាស់រាជទាយាទនៃទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នៅទីក្រុងប៉េកាំង។

លោកបានកត់សម្គាល់ថា ចាប់តាំងពីជម្លោះនៅអ៊ីរ៉ង់​ បានផ្ទុះឡើង ប្រទេសចិនបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងបញ្ចប់សង្គ្រាម។

លោកសង្ឃឹមថា អារ៉ាប់រួមនឹងបន្តចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ ស្ថាប័ន និងគម្រោងចិននៅក្នុងប្រទេស។

ដោយកត់សម្គាល់ថា ប្រទេសចិន និងអារ៉ាប់រួម គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ លោកបានលេីកឡេីងថា ប្រទេសទាំងពីរមានមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ និងបានគាំទ្រគ្នាទៅវិញទៅមកជាយូរមកហើយលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។

លោកបានបន្ថែមថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-អារ៉ាប់រួម បានបន្តពង្រឹង និងអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ សម្រេចបានលទ្ធផលផ្លែផ្កា ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក​បាន​បន្ថែមថា ប្រទេសចិន​មានឆន្ទៈ​បន្តដើរ​រួមគ្នា​ជាមួយ​អារ៉ាប់រួម​លើមាគ៌ា​នៃការអភិវឌ្ឍ​រួមគ្នា បង្កើន​ការទំនាក់ទំនង និង​ការសម្របសម្រួល ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ខាងនយោបាយ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​អារ៉ាប់រួម​ឲ្យ​ឈានដល់​កម្រិតថ្មី​ជាបន្តបន្ទាប់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top