ព័ត៌មានអន្តរជាតិ

អង្គភាព​ IRGC អ៊ីរ៉ង់​ អះអាងថានឹងប្រើប្រាស់សមត្ថភាពថ្មី​ ប្រសិនបើជម្លោះនៅតែបន្ត

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានសន្យាថា​ នឹងប្រើប្រាស់សមត្ថភាពយោធាថ្មីប្រសិនបើសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ នៅតែបន្ត។

អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានឧ្យដឹងថា “យើងមិនទាន់បានប្រើប្រាស់សមត្ថភាពរបស់យើងនៅឡើយទេ ហើយប្រសិនបើសង្គ្រាមនៅតែបន្ត យើងនឹងបង្ហាញសមត្ថភាព​ ដែលសត្រូវមិនទាន់ដឹង”។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaeinik បានឧ្យដឹងថា សមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងកើនឡើង ដោយមានមីស៊ីល យន្តហោះគ្មានមនុស្សបើក អាវុធ គ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងទៀតគ្រប់គ្រាន់​ ដើម្បីបន្តប្រតិបត្តិការវាយលុក និងការពារនាពេលអនាគត។

នៅថ្ងៃចន្ទនេះផងដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ការបិទច្រកសមុទ្រហ័រមូស គឺជា “ការសងសឹកតាមជម្រើស” ប្រឆាំងនឹងសេដ្ឋកិច្ចពិភពលោក។

គណៈប្រតិភូមកពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាបន្ថែមនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃសៅរ៍ និងដើមថ្ងៃអាទិត្យ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា​ ប៉ុន្ដែការចរចាត្រូវបរាជ័យ។

កិច្ចចរចានេះ ដែលបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀង បានកើតឡើងបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីថ្ងៃពុធ រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៤០ ថ្ងៃ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top